គ្រួសារប្រជាពលរដ្ឋនៅកងទ័ព ក្នុងស្រុកឈូក រស់នៅជាក់ស្តែង នឹងទទួលបានដីពីការកាត់ឆ្វៀលដី ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច
កំពត ៖ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំពិភាក្សាលើសំណើសុំរបស់រដ្ឋបាលខេត្តកំពត ក្នុងការកាត់ឆ្វៀលដី ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ២ គឺក្រុមហ៊ុន (ហ្វឺសបាយអូថេត) និងក្រុមហ៊ុន (វើលទ្រីស្ដារ) សម្រាប់ធ្វើប្រទានកម្មជូនគ្រួសារប្រជាពលរដ្ឋនិង កងទ័ពសមាហរណកម្ម ក្នុងអង្គភាព កងអន្តរាគមន៍លេខ២ នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ដែលស្ថិតនៅទីតាំងភូមិដុំផ្ដៅ ឃុំត្រពាំងភ្លាំងស្រុកឈូក នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ។
កិច្ចប្រជុំនេះមានការចូលរួមរវាងរដ្ឋបាលខេត្តដែលមានថ្នាក់ដឹកនាំខេត្ត មន្ត្រីមន្ទីរ អង្គភាពជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ជាមួយនឹងមន្ត្រីប្រតិភូក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តមជាវ តាយអភិបាលខេត្តកំពត ។
កិច្ចប្រជុំផ្ដោតលើការពិនិត្យពិភាក្សាករណីសំណើសុំរបស់រដ្ឋបាលខេត្តកំពត ជូនក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ក្នុងនោះការស្នើសុំវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិ របស់ប្រជាពលរដ្ឋចំនួន៦៦ គ្រួសារនិងសំណើសុំឈូសឆាយដី ធ្វើប័ណ្ណកម្មសិទ្ធិចំនួន២កន្លែងផ្សេងទៀតចំនួន៩៦ គ្រួសារ និងសំណើសុំកាត់ដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើប្រទានកម្ម ជូនប្រជាពលរដ្ឋចំនួន៦គ្រួសារទៀតនៃកងទ័ពសមាហរណកម្មក្នុងអង្គភាពកងអន្តរាគមន៍លេខ២ បញ្ជាការដ្ឋានការពារកោះឆ្នេរ សរុបដែលមានផ្ទៃដីចំនួនជាង ៧៦៤ ហិកតាដែលមានទីតាំងស្ថិតនៅភូមិដុំផ្ដៅឃុំត្រពាំងភ្លាំងស្រុកឈូកខេត្តកំពត។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត នារយៈពេលកន្លងមកតែងតែបានយកចិត្តទុកដាក់ជំរុញលើការដោះស្រាយបញ្ហាប្រឈមតម្រូវការពិតប្រាកដពិសេសបញ្ហាដីធ្លី របស់ប្រជាពលរដ្ឋស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែបានក្រើនរំលឹកផ្ដាំផ្ញើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដោះស្រាយជូនប្រជាពលរដ្ឋ ដែលខ្វះខាតនឹងមានតម្រូវការពិតប្រាកដជាក់ស្ដែង ពឹងអាស្រ័យផលលើដីធ្លី ដើម្បីឲ្យប្រជាពលរដ្ឋបានបង្កបង្កើតផលនិងរស់នៅមានជីវភាពធូរធារប្រកបដោយសុខដុមរមនា។ ហើយកិច្ចប្រជុំពេលនេះទៀតសោធគឺក្នុងគោលបំណង ដើម្បីធ្វើយ៉ាងណារួមគ្នាពិភាក្សាបញ្ហាពាក់ព័ន្ធមានការចូលរួម ពីជំនាញនិងអាជ្ញាធរពាក់ព័ន្ធក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សំដៅធ្វើយ៉ាងណាការជួយជួយដោះស្រាយ ឲ្យប្រជាពលរដ្ឋដែលត្រូវការដីពិតប្រាកដ និងអាស្រ័យផលលើដីជាក់ស្ដែង ដើម្បីឲ្យពួកគាត់បានរស់នៅ និងកាន់កាប់ស្របច្បាប់និងបានឆាប់រហ័ស។
ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទក៏បានលើកបញ្ជាក់ថា កម្មវត្ថុនៃការចូលរួមជជែកពិនិត្យពិភាក្សា ក្នុងកិច្ចប្រជុំពេញនេះ ពីអាជ្ញាធរនិងជំនាញសមត្ថកិច្ចអ្នកពាក់ព័ន្ធ គឺដើម្បីបានជាមូលដ្ឋានគ្រប់ជ្រុងជ្រោយពិស្ដារ បានជាព័ត៌មានដាក់ជារបាយការណ៍ ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខម៉ាញ់និងនេសាទ ពិនិត្យនិងចាត់ការដោះស្រាយបន្ត។ ហើយអ្វី ជាកិច្ចការអាទិភាពចំពោះមុខនេះ ដែលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចាត់បញ្ជូនប្រតិភូចុះមកពេលនេះ ក៏ដើម្បីស្វែងយល់ពីភាពជាក់ស្ដែង។ ដូច្នេះសូមស្នើឱ្យអាជ្ញាធរខេត្តស្រុកនិងជំនាញពាក់ព័ន្ធ ពិសេសការចូលរួមពីឯកឧត្តមអភិបាលខេត្ត ដើម្បីជំរុញលើការអនុវត្តសកម្មភាពការងារនេះ ជាកិច្ចបន្តតាមសំណើក្នុងឯកសាររបស់រដ្ឋបាលខេត្តកំពតបានស្នើ ដើម្បីបំពេញកិច្ចការឱ្យបានសម្រេចជោគជ័យ តាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល ក្នុងសម័យប្រជុំថ្មីៗនេះលើការពិនិត្យ ទៅនឹងការកាត់ផលប៉ះពាល់ជាបន្តបន្ទាប់ទៀត ជូនដល់ប្រជាពលរដ្ឋត្រូវការដីបង្កបង្កើនផល និងអាស្រ័យផលពិតប្រាកដ លើដីជាក់ស្ដែង៕