សូមអោយបងប្អូនប្រជាពលរដ្ឋ ស្រលាញ់និងថែទាំដើមឈើអោយដូចយើងស្រលាញ់និងថែទាំកូនចៅ
ភ្នំពេញ៖ នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ លោក គាំ សីហា បានស្នើសុំអោយបងប្អនប្រជាពលរដ្ឋស្រលាញ់និងថែទាំដើមឈើអោយដូចយើងស្រលាញ់និងថែទាំកូនចៅរបស់យើងដែរ ព្រោះដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក ។
ការស្នើឡើងបែបនេះរបស់លោក គាំ សីហាបានធ្វើឡើងនាព្រឹកថ្ងៃទី១០ កក្កដា ២០២០ ក្នុងពិធីដាំដើមឈើប្រណិតៗជាង៦០០ដើមនៅក្នុងបរិវេណវត្តភ្នៀតសិម្ពលី ក្នុងសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការនិមន្តចូលរួមពីព្រះអធិការវត្តនេះផងដែរ ដើម្បីចូលរួមអមអរសាទ «រុក្ខទិវា» ថ្ងៃទី០៩ ខែកក្កដា ជាថ្ងៃដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី «រុក្ខទិវា» ជារៀងរាល់ឆ្នាំ ។
លោក គាំ សីហា បានមានប្រសាសន៍អោយដឹងថា ការដាំដើមឈើនៅព្រឹកនេះ គឺដើម្បីជួយទ្រទង់បរិស្ថាននិងជួយរក្សាជម្រកពណ៌បៃតងក្នុងបរិវេណវត្ត ក៏ដូចជានៅទីក្រុងភ្នំពញ ។ដើមឈើដែលយើងរួមគ្នាដាំនៅពេលនេះ មានចំនួន៦១៥ដើមជាប្រភេទឈើប្រណិតៗ មានដូចជា គ្រញូង ធ្នង់ បេង នាងនួន គគីរ រាំងភ្នំ និងដើមច្រេះលើផ្ទៃដីចំនួន៣ហិកតា ។
លោក គាំ សីហា បានបញ្ជាល់អោយដឹងទៀតថា ដើមឈើទាំងអស់នេះ បានមកពីការជួយឧបត្ថមនិងការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយលោកអភិបាលតែបានផ្តល់និងណែនាំអោយមន្ត្រីនិងអាជ្ញាធរទាំង១៤ខណ្ឌចូលរួមដាំដើមឈើទាំងអស់គ្នា និងត្រូវស្រលាញ់និងថែទាំដើមឈើអោយដូចយើងស្រលាញ់និងថែទាំកូនចៅរបស់យើងដែរ ព្រោះដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេស វាជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោកថែមទៀត។
សូមជម្រាបថា ថ្ងៃទី០៩ ខែកក្កដា ជាថ្ងៃដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី «រុក្ខទិវា» ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យឆ្លៀត ព្រះវរោកាសដ៏មានតម្លៃយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី «រុក្ខទិវា» នេះ។ ប៉ុន្តែក្នុងឆ្នាំនេះ ដោយសារហានិភ័យនៃការរាលដាលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឱ្យផ្អាកការរៀបចំព្រះរាជពិធីដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យនេះ៕