រថយន្តបាញ់បេតុង បើកកិនស្ត្រីម្នាក់ ដាច់ខ្លួនជាពីរកំណាត់
ភ្នំពេញ ៖ រថយន្តធុនធំបើកបុកហើយកិនស្ត្រីម្នាក់ដាច់ខ្លួនជាពីរកំណាត់ស្លាប់ភ្លាមៗ។ រថយន្ដបើករត់អូសទាំងម៉ូតូជាប់នៅពីក្រោមរាប់រយម៉ែត្រ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និង សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចេញជួយអន្តរាគមន៍ឃាត់ខ្លួនតៃកុងរថយន្តបង្កបានភ្លាមៗផងដែរ ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅលើផ្លូវ២១៧ ស្តុបផ្ទះស្រាបៀរ ទល់មុខច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នាម៉ោង៩ និង ២០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។
សាកសពស្ដ្រីរងគ្រោះមានឈ្មោះ ថៃ ណា អាយុ៣១ ឆ្នាំមុខរបរ លក់មាន់ ស្នាក់នៅភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ មានស្រុកកំណើត ខេត្ដព្រៃវែង ។ ចំណែកតៃកុងរថយន្ដមានឈ្មោះ សម្បត្ដិ ខុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើកបរក្រុមហ៊ុនត្រាហ្កនសីធី មានស្រុកកំណើតភូមិចាក់ត្រាំង ឃុំក្រវ៉ាញ ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ បច្ចប្បន្នស្នាក់នៅផ្ទះជួលភូមិពាំងរាំង ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខកំពត 1J-1061 បើកបរតែម្នាក់ឯង ដោយដឹកមាន់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្ដុបកន្លែងកើតហេតុ ស្ដ្រីរងគ្រោះកំពុងឈប់រង់ចាំភ្លើងស្ដុប ស្រាប់តែរថយន្ដបាញ់បេតុងមួយគ្រឿងពាក់ផ្លាកលេខ 5A-2423 បើកបរស្របទិសគ្នា ក៏បានបុកហើយកិនស្ត្រីរងគ្រោះដាច់ខ្លួនជាពីរកំណាត់ស្លាប់ភ្លាមមួយរំពេច ខណៈដេលរថយន្ដបើករត់អូសទាំងម៉ូតូជាប់នៅពីក្រោមរាប់រយម៉ែត្រ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចេញជួយអន្តរាគមន៍ឃាត់ខ្លួនតៃកុងរថយន្តបង្កបានភ្លាមៗផងដែរ ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះទៅដល់កន្លែងកើត ហេតុនិងធ្វើការវាស់វែងរួច ក៏បានប្រគល់រថយន្តនិងម៉ូតូ ទៅឲ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយចំណែកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕