ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ បំភ្លឺ​ករណី​ការបោះ​តង់​របស់​ភាគី​វៀតណាម ចូលមក​តំបន់​ព្រំដែន​ជាមួយ​បណ្តាញសារព័ត៌មាន​

95

 

​ភ្នំពេញ​៖ បើតាម​ការចេញផ្សាយ​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១០​ខែកក្កដា​នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​បានផ្តល់​កិច្ចសម្ភាសន៍ ដើម្បី​បំភ្លឺ​ជូន​បណ្តាញសារព័ត៌មាន​ស្តីពី​ការបោះ​តង់​របស់​ភាគី​វៀតណាម​ចូលមក​តំបន់​ព្រំដែន កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០២០​កន្លងទៅ ដូចខាងក្រោម​៖

​សំនួរ​របស់​សារព័ត៌មាន – តើ​ព័ត៌មាន​អំពី​ការបោះ​តង់​របស់​ភាគី​វៀតណាម​ចូលមក​តំបន់​ព្រំដែន​កើតឡើង​នៅពេលណា​? តើ​ក្រសួងមហាផ្ទៃ​បានទទួល​ព័ត៌មាន​ដោយ​របៀប​ណា​?

​ប្រសាសន៍ ឯកឧត្តម សក់ សេដ្ឋា​៖ ការបោះ​តង់​របស់​ភាគី​វៀតណាម​ចូលមក​តំបន់​ព្រំដែន​កើតឡើង​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០២០​។ ក្រសួងមហាផ្ទៃ​បានទទួល​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ការពារ​ព្រំដែន យោធា​ព្រំដែន និង​រដ្ឋបាលខេត្ត ករណី​ភាគី​វៀតណាម​បាន​បិទ​ច្រកទ្វារព្រំដែន​ដោយ​ឯកតោភាគី ព្រមទាំង​សង់រោង​ប្រក់​តង់ និង​ដាក់ពង្រាយ​កងទ័ព​ការពារ ព្រំដែន​នៅតាម​បណ្តោយ​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម ក្រោមរូបភាព​ទប់ស្កាត់​ការឆ្លង​ជម្ងឺ​កូ​វីដ​១៩(COVID-19) ដោយ​លើក​ទង់ជាតិ​វៀតណាម​និង​បដា​សរសេរ​ជា​ភាសា​វៀតណាម​ថា​«​ប៉ុស្តិ៍​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩»​។​

​សំនួរ​របស់​សារព័ត៌មាន – ក្រោយ​ទទួលបាន​ព័ត៌មាន​អំពី​ការបោះ​តង់​របស់​ភាគី​វៀតណាម​ចូល​តំបន់​ព្រំដែន តើ​ក្រសួងមហាផ្ទៃ​បាន​ចាត់វិធានការ​អ្វីខ្លះ​?

​ប្រសាសន៍ ឯកឧត្តម សក់ សេដ្ឋា​៖ ពាក់ព័ន្ធ​នឹង​សកម្មភាព​បោះតង់​របស់​ភាគី​វៀតណាម ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ដល់​អភិបាលខេត្ត និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជាប់​ព្រំដែន សហការ​ចុះទៅ​សម្របសម្រួល និង​ចរចា​ជាមួយ​ភាគី​វៀតណាម ឲ្យ​រុះរើ​តង់​ទាំងនោះ​ចេញ​។ ជា​លទ្ធផល ភាគី​វៀតណាម​បាន​យល់ព្រម​រុះរើ​ចេញ និង​រំកិល​តង់​មួយចំនួន ថយក្រោយ​។ ទន្ទឹមនេះ ភាគី​វៀតណាម​បាន​ឆ្លើយតប​មក​អាជ្ញាធរ​កម្ពុជា​ថា​វៀតណាម​នឹង​រុះរើ​តង់​ទាំងនោះ ចោល​វិញ​ក្រោយ​ពេលដែល​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​កំចាត់​ចោល​ទាំងស្រុង​នាពេលខាងមុខ​។ ម្យ៉ាងទៀត ក្រសួងមហាផ្ទៃ​ក៏បាន​ស្នើ​គណៈកម្មាធិការ​ចំរុះ​កិច្ចការ​ព្រំដែន​ដើម្បី​ពិភាក្សា ចរចា​ជាមួយ​ភាគី​វៀតណាម​ឱ្យ​រុះរើ​តង់​ទាំងនោះ​ចេញ និង​រក្សា​ស្ថានភាព​ដដែល​នៅតាម​បណ្តោយ​ព្រំដែន​ដែល​ពុំទាន់​ឯកភាព​ខណ្ឌសីមា​និង​បោះបង្គោល​រួច តាមរយៈ​លិខិត​លេខ​១៥៧៩​សជណ ចុះ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២០​។ ជាការ​ឆ្លើយតប​គណៈកម្មាធិកា​រ​ចំរុះ​កិច្ចការ​ព្រំដែន​បានស្នើ​មក​ក្រសួងមហាផ្ទៃ​ផ្តល់នូវ​ចំនុច​និយាម​ការ​នៃ​ទីតាំង​បោះតង់​របស់​ភាគី​វៀតណាម​។ បច្ចុប្បន្ន ក្រសួងមហាផ្ទៃ​កំពុង​បូកសរុប​ផ្ទៀងផ្ទាត់​និយាម​ការ​ទាំងនោះ​ដើម្បី​ផ្តល់ជូន​គណៈកម្មាធិការ​ចំរុះ​កិច្ចការ​ព្រំដែន​ចាត់ចែង​តាម​សមត្ថកិច្ច​។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ កន្លងមក​ផ្អែក​តាម​លិខិត​របស់​រដ្ឋបាល​ខេត្តកណ្តាល ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏បាន​ធ្វើ​កំណត់​ទូ​តទៅ​ភាគី​វៀតណាម កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ ដើម្បី​តវ៉ា​អំពី​សកម្មភាព​បោះតង់​របស់​ភាគី​វៀតណាម នៅ​ចន្លោះ​ទន្លេមេគង្គ និង​ទន្លេបាសាក់ ចាប់ពី​បង្គោល​ព្រំដែន​លេខ​២៤១-២៤៥, និង​នៅតាម​បណ្តោយ​ព្រែក​ជ្រៃ​ធំ​-​ព្រែក​ប៊ិ​ញ​យី ចាប់ពី​ចន្លោះ​បង្គោល​ព្រំដែន លេខ ២៤៧-២៥៣ និង​ទាមទារ​ភាគី​វៀតណាម​ឲ្យ​រុះរើ​តង់​ទាំងនោះ​ចេញ និង​ស្នើ​ឲ្យ​រក្សា​ស្ថានភាព​នៅ​ដដែល​នៅតាម​តំបន់​ព្រំដែន​ទាំងនេះ ស្របតាម​ស្មារតី​នៃ​ប្រកាស​ព័ត៌មាន​រួម​របស់​នាយករដ្ឋមន្ត្រី​ទាំងពីរ​ឆ្នាំ​១៩៩៥ និង​សន្ធិសញ្ញា បំពេញបន្ថែម​ឆ្នាំ​២០០៥​។​

​សំនួរ​របស់​សារព័ត៌មាន – ក្រោយពី​ការចាត់វិធានការ​ទាំង​នេះ តើ​ក្រសួងមហាផ្ទៃ​ទទួលបាន​លទ្ធផល​អ្វី និង​មាន​វិធាន​ការបន្ត​អ្វីខ្លះ​?

​ប្រសាសន៍ ឯកឧត្តម សក់ សេដ្ឋា​៖ គិត​ត្រឹម​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២០ ចំនួន​តង់​ដែល​ភាគី​វៀតណាម​បាន​រុះរើ​ចេញ​វិញ​ចំនួន​០៨​កន្លែង ក្នុងនោះ តង់​ដែល​បាន​បោះ​នៅ​តំបន់​ព្រំដែន​ដែល​មិនទាន់​ឯកភាពគ្នា​ក្នុងការ​វាស់វែង​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​សរុប​ចំនួន​៤២​តង់​។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃ​ក៏មាន​វិធាន​ការបន្ត​ដូចខាងក្រោម :
– ស្នើ​ភាគី​វៀតណាម​គោរព​ឱ្យបាន​ម៉ឺងម៉ាត់ ស្របតាម​មាត្រា​១០ នៃ​លក្ខន្តិកៈ​ព្រំដែន​កម្ពុជា​-​វៀតណាម ឆ្នាំ​១៩៨៣, ចំណុច​៨ នៃ​សេចក្តីប្រកាស​ព័ត៌មាន​រួម​ឆ្នាំ​១៩៩៥ និង​កថាខណ្ឌ​៥ មាត្រា​៣ នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​រវាង​រដ្ឋាភិបាល​ទាំងពីរ ដោយ​ត្រូវ​រក្សា​ស្ថានភាព​ដដែល​នៅ​តំបន់​ពុំទាន់​ឯកភាព ជៀសវាង​ធ្វើ​សកម្មភាព​ឯកតោភាគី​ណាមួយ​ដែល​អាច​ប៉ះពាល់​កិច្ចការ​ដ៏​សំខាន់​នេះ រហូតដល់​វេលា​ដែល​គណៈកម្មការ​ចំរុះ​ព្រំដែន​ទាំងពីរ​ឯកភាព​ខណ្ឌសីមា​និង​បោះបង្គោល​ក្នុង​តំបន់​នោះ​រួចរាល់​ជា​ស្ថាពរ​។ ទន្ទឹមនេះ ក្នុងដំណាក់កាល​ដ៏​ស្មុគស្មាញ​ដែល​សុខុមាលភាព​ប្រជាពលរដ្ឋ​ជា​អាទិភាព​ដ៏​ចាំបាច់​សម្រាប់​ប្រទេស​ទាំងពីរ​, ស្នើ​រដ្ឋបាលខេត្ត​និង​កម្លាំង​មាន​សមត្ថកិច្ច​កម្ពុជា​ប​ន្ត​កិច្ចសហការ​ជាមួយ​ភាគី​វៀតណាម​ក្នុងការ​រាំងខ្ទប់​សកម្មភាព​ចេញ​-​ចូល​ខុសច្បាប់​នៅតាម​បណ្តោយ​ព្រំដែន សំដៅ​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​
– ស្នើ​រដ្ឋបាលខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​បន្ត​តាមដាន សកម្មភាព​របស់​ភាគី​
​វៀតណាម​ឱ្យបាន​ខ្ជាប់ខ្ជួន​។ ក្នុងករណី​ភាគី​វៀតណាម​ធ្វើ​សកម្ម​ភាពមិនប្រក្រតី​, ត្រូវ​ហាមឃាត់​ជាបន្ទាន់ និង​ធ្វើ​សេចក្តីរាយការណ៍​មក​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។ រដ្ឋបាលខេត្ត​ត្រូវ​ប្រើប្រាស់​ឱ្យអស់​លទ្ធភាព​នូវ​យន្ត​ការ​ដែលមាន​ស្រាប់​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដោះស្រាយ​បញ្ហា​អសកម្ម​ទាំងឡាយ​ប្រកបដោយ​ស្មារតី មិត្តភាព​និង​ភាពជា​អ្នកជិតខាង​ល្អ​៕

អត្ថបទដែលជាប់ទាក់ទង