គ្រាន់តែស្ត្រី ៤នាក់ លេងបៀរសោះ ក៏ចាប់បញ្ជូនទៅតុលាការដែរ
ស្ទឹងត្រែង ៖ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង បានបញ្ជូនស្ត្រី៤នាក់ ញៀនល្បែងស៊ីសងទៅសាលាដំបូងខេត្ត។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត បានបង្ក្រាបក្រុមញៀនល្បែងល្បែងបានស្ត្រីចំនួន ៤ នាក់ កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងជាងមួយរសៀល។ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចុះបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់ដុះស្លែ ១កន្លែង (លេងបៀរ) ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលមានម្ចាស់ទីតាំងឈ្មោះ ចាន់ ណារី ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរ មេផ្ទះ ។
ប្រតិបត្តិការនេះ នគរបាលបានឃាត់ខ្លួនអ្នកលេងបៀរចំនួន៤នាក់ ៖ ១/ឈ្មោះ ចាន់ ណារី អាយុ ៥៨ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង (ម្ចាស់ផ្ទះ) ។ ២/ឈ្មោះ ណាន ហៀក អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។ ៣/ ឈ្មោះ ឡុង សុគន្ធា អាយុ ៥៥ ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។ ៤/ឈ្មោះ ម៉ែន ស្រីនាង អាយុ ៦០ ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។
វត្ថុតាងដកហូតបម្រើឲ្យការលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ )រួមមាន៖ ១/បៀរចំនួន ២ ហ៊ូរ ២/កម្រាលក្រាលលេងចំនួន៤ផ្ទាំង ។ ៣/លុយខ្មែរចំនួន១៧៩.០០០រៀល។