ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាណូតលឿនដឹកអ្នកដំណើរ ពីព្រែកព្នៅ ទៅក្រុងតាខ្មៅ នឹងសម្ពោធដាក់ឱ្យដំណើរការនៅព្រឹកថ្ងៃទី១ ខែសីហា ក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន

145
ភ្នំពេញ៖ បើមិនមានការប្រែលប្រួលទេ កាណូតល្បឿនលឿនដឹកអ្នកដំណើរ ពីព្រែកព្នៅ រាជធានីភ្នំពេញទៅក្រុងតាខ្មៅ នឹងសម្ពោធដាក់ឱ្យដំណើរការនៅព្រឹកថ្ងៃទី១ ខែសីហា ២០១៨នេះហើយ ក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច្រកម្ពុជា ។
   បើតាម លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កាណូតដឹកអ្នកដំណើរពីកំពង់ផែព្រែកព្នៅ រាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្ដាលនេះ ក្នុង១គ្រឿងមានតម្លៃជាង២០ម៉ឺនដុល្លារ គឺធ្វើយ៉ាងណាដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ។
   លោកទេសរដ្ឋមន្ដ្រី បានបន្ថែមថា តាមគម្រោងសេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹក មានកាណូតល្បឿនលឿន ចំនួន២០គ្រឿង ដែលក្នុងមួយគ្រឿង អាចផ្ទុកអ្នកដំណើរ បាន៩៩នាក់ និងមានពោងសុវត្ថិភាពជាដើម ប្រតិបត្តិការចាប់ពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ៨ យប់ ។
  លោក បន្ដថា នៅថ្ងៃអនាគត ក្រសួងនឹងធ្វើយ៉ាងណាខិតខំធ្វើការងារ ផ្លូវទឹក ផ្លូវដែក ផ្លូវគោក ភ្ជាប់ជាមួយរថយន្ដក្រុងសាធារណៈ ដើម្បីផ្ដល់ភាពងាយស្រួលជូនអ្នកដំណើរ ។ លោកបន្ថែមថា ចំណតកាណូតដឹកអ្នកដំណើរ ពីព្រែកព្នៅទៅភ្នំពេញ ប្រើប្រាស់ពេលវេលាជិត១ម៉ោង ។
 សូមបញ្ជាក់ថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ពីកំពង់ផែព្រែកព្នៅ រាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឆ្លងកាត់ស្ថានីយ៍រង់ចាំអ្នកដំណើរចំនួន ៦កន្លែង មានដូចជា  កំពង់ផែព្រែកព្នៅ កំពង់ផែមុខឃ្លាំងសាំងឫស្សីកែវ កំពង់ផែបណ្តែត កំពង់ផែណាហ្គា កំពង់ផែភូមិដើមចាន់ច្បារអំពៅ និងកំពង់ផែសួនច្បារតាខ្មៅ ដោយដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ន កាលពីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ក្រោមវត្តមា ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ៕

អត្ថបទដែលជាប់ទាក់ទង