ជនជាតិឡាវ២នាក់ជួញដូរថ្នាំញៀន ទម្ងន់ជិត១០គីឡូក្រាម ឆ្លងដែនចូលកម្ពុជា ត្រូវសមត្ថកិច្ចចាប់ខ្លួន
ស្ទឹងត្រែង ៖ ជនជាតិឡាវ២នាក់ ជួញដូរថ្នាំញៀនចំនួន ៦ កញ្ចប់ ទម្ងន់ជិត១០គីឡូក្រាម ឆ្លងដែនមកពីប្រទេសឡាវ ចូលមកកម្ពុជា ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួន ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅភូមិសាស្ត្រ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ទោ ដុស វណ្ណាសុវឌ្ឃនៈ នាយការិយាល័យ(ក៩) សហការជាមួយកម្លាំង BLO ប្រចាំព្រំដែន។
សមត្ថកិច្ចចុះបង្ក្រាបបានបញ្ជាក់ថា ជនសង្ស័យជនជាតិឡាវ ដែលសមត្ថកិច្ចចាប់ខ្លួនមាន ទី១ ឈ្មោះស៊ូ បាន់ ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត ភូមិណាសែងខាំ ស្រុកសៃ ខេត្តឧត្តមសៃ។ ទី២ ឈ្មោះចាន់ ឌី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិភៀងញ៉ ស្រុកសៃ ខេត្តឧត្តមសៃ។
នៅក្នុងប្រតិបត្តិការ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន ៦ កញ្ចប់ ដែលភស្តុតាងដាក់នៅក្នុងវ៉ាលិសមួយ។ បន្ទាប់ពីឃាត់ខ្លួនជនជាតិឡាវទាំងពីរនាក់ រួមជាមួយគ្រឿងញៀនមួយវ៉ាលិស កម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ពីព្រំដែនកម្ពុជាឡាវ មកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងទាំងយប់។ ដោយមានការចូលរួមពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង៕