ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនណា ដែលតាំងខ្លួនប្រឆាំងនឹងការបោះឆ្នោត គឺពិតប្រាកដប្រឆាំងនឹងកម្ពុជា

159

ភ្នំពេញ៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានលើកឡើងថា បុគ្គលណា ក្រុមណា ឬជាតិសាសន៍ណាមួយ ដែលបានតាំងខ្លួនជាអ្នកប្រឆាំងនឹងការបោះឆ្នោត ឬលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅប្រទេសកម្ពុជា គឺជាអ្នកប្រឆាំងនឹងប្រជាពលរដ្ឋ និងកម្ពុជាទាំងមូល។

លោកបានអះអាងក្នុងណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការថា ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋមានចំនួនជាង៨២ភាគរយ នៅក្នុងអាណត្តិនេះ គឺជាសារ នៃការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវជោគវាសនារបស់ខ្លួនដោយខ្លួនឯង គឺមិនញញើត និងកោតខ្លាចចំពោះការដាក់សម្ពាធ ឬឧបសគ្គទាំងឡាយណាដែលបង្ករតាមរយៈវិទ្ធង្សនាបំផ្លាញសិទ្ធិម្ចាស់ស្រុក ឬម្ចាស់អំណាចតាមការបោះឆ្នោតសកលនេះ ។

លោក ផៃ ស៊ីផាន បានបន្តថា លទ្ធផល នៃការបោះឆ្នោតគឺជាការគាំទ្រ និងជឿជាក់ចំពោះការដឹកនាំប្រកបដោយប្រសិទ្ធភាព និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាជារួម ដោយឡែកគឺការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ការបោះឆ្នោតសកលលើកនេះគឺជាការបោះឆ្នោតបង្ហាញនូវឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាកិច្ចការពារដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស ដែលឈរនៅលើ នីតិរដ្ឋឬច្បាប់ដែនដីកម្ពុជា និងឆន្ទៈរបស់មហាជន។

លោកបានបញ្ជាក់ ថា៖ ” គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFs
ចម្លើយរបស់ខ្ញុំ តបនឹងប្រតិកម្មរបស់បរទេស ដែលជាអតីតអាណានិគម មកលើកម្ពុជា ក៏ដូចជាក្រុមដែលតាំងខ្លួនជាពូជសាសន៍ ដែលមានឧត្តមភាព ឬចក្រពត្តិនិយម ដែលតែងតែជ្រៀតជ្រែកសម្រេចជោគវាសនា ជំនួសប្រជាពលរដ្ឋខ្មែរ គឺចង្អុលដៃប្រឡាក់ទឹកខ្មៅ ចេញទៅបោះឆ្នោតមានចំនួនជាង៨០ភាគរយ នៅក្នុងអាណត្តិនេះ គឺជាសារ នៃការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវជោគវាសនារបស់ខ្លួនដោយខ្លួនឯង គឺមិនញញើត និងកោតខ្លាចចំពោះការដាក់សម្ពាធឬឧបសគ្គទាំងឡាយណាដែលបង្កតាមរយៈវិទ្ធង្សនាបំផ្លាញសិទ្ធិម្ចាស់ស្រុក ឬម្ចាស់អំណាចតាមការបោះឆ្នោតសកលនេះ ។ រីឯលទ្ធផល នៃការបោះឆ្នោតគឺជាការគាំទ្រ និងជឿជាក់ចំពោះការដឹកនាំប្រកបដោយប្រសិទ្ធភាព និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាជារួម ដោយឡែកគឺការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ការបោះឆ្នោតសកលលើកនេះគឺជាការបោះឆ្នោតបង្ហាញនូវឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាកិច្ចការពារដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស ដែលឈរនៅលើ នីតិរដ្ឋឬច្បាប់ដែនដីកម្ពុជា និងឆន្ទៈរបស់មហាជន។
បុគ្គលណា ក្រុមណា ឬប្រជាជាតិណារួមទាំងអង្គការអន្ដរជាតិនានា តាំងខ្លួនប្រឆាំងនឹងការបោះឆ្នោតឬលទ្ធផល នៃការបោះឆ្នោត គឺពិតប្រាកដប្រឆាំងនឹងកម្ពុជាទាំងមូល។ សម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល ដែលនឹងប្រសូត្រចេញនៅរយៈពេលដ៏ខ្លីខាងមុខនេះ គឺតំណាងកម្ពុជាពិតប្រាកដ និងតាមផ្លូវច្បាប់ ដែលតម្រូវឱ្យបរទេស ទាំងនៅក្នុងសកលលោកទោះជានៅក្នុងរូបភាពណាមួយនោះ ក៏ដោយត្រូវតែធ្វើការជាមួយក្នុងបរិបថ ទំនាក់ទំនង សហប្រតិបត្តិការ និងភាពជាដៃគូសុទ្ធសាធ”។

ការលើកឡើងរបស់អ្នកនាំពាក្យ បានធ្វើឡើងបន្ទាប់ពីមាន ប្រទេស និងក្រុមជនបរទេសមួយចំនួន បានចេញសេចក្តីថ្លែងការណ៍ រិះគន់ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅក្នុងប្រទេសកម្ពុជា៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង