នគរបាលក្រុងប៉ោយប៉ែត រកឃើញរោងស្តុកគ្រឿងក្នុងជ្រូកមួយកន្លែងឆែកឆេរវត្ថុតាង២០កេស ស្មើ ១ តោន
បន្ទាយមានជ័យ ៖ កម្លាំងផែ្នកព្រហ្មទណ្ឌនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានចុះធ្វើការឆែកឆេររោងស្តុកទុកឥវ៉ាន់មួយកន្លែងរកឃើញមានគ្រឿងក្នុងជ្រូក២០កេសស្មើនឹង១តោននៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២០នៅក្នុងរោងបាំងស័ង្កសីជិត ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងក្នុងជ្រូកនេះ គឺអនុវត្តតាមបទបញ្ជាករបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ។កម្លាំងនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២០ បានធ្វើការឃាត់ខ្លួនម្ចាស់ស្តង់មានឈ្មោះ អ៊ុល ក្លឹង ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតរស់នៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សព្វថ្ងៃមកស្នាក់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា៖គ្រឿងក្នុងជ្រូកស្តុកនៅក្នុងទីតាំងរបស់ឈ្មោះ អ៊ុល ក្លឹងនោះសមត្ថកិច្ចបានឆែកឆេររកឃើញអណ្តាត ត្រចៀក ពោះ បេះដូង ប្រអប់ជើងជ្រូកសរុបមានចំនួន ២០កេស ស្មើ ១ តោន សុទ្ធសឹងជារបស់មានជាតិគីមីទាំងអស់ដែលទំនិញទាំងអស់បង្កឲ្យប៉ះពាល់សុខភាពអ្នកទទួលទានយ៉ាងធ្ងន់ធ្ងរ។បច្ចុប្បន្នវត្ថុតាងគ្រឿងក្នុងជ្រូកទាំងអស់និងម្ចាស់ស្តង់ ក្រោយពីធ្វើកំណត់ហេតុរួចខាងការិយាល័យជំនាញដឹកយកទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕