វិភាគ៖ លទ្ធផលនៃការបោះឆ្នោត ថ្ងៃ២៩កក្កដា រំលាយតួលេខបក្សប្រឆាំង ៣លាននាក់!
ភ្នំពេញ៖លទ្ធផលបឋមបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានគ.ជ.ប បង្ហាញថា ក្នុងចំណោមប្រជាជនកម្ពុជា ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង ៨លាន ៣សែននាក់ មានអ្នកចេញទៅបោះឆ្នោត ជាង ៦លាន ៨សែននាក់។ ដូច្នេះអ្នកអវត្តមាន មិនទៅបោះឆ្នោត មានជាង ១លាននាក់។ ក្នុងនោះ ក្នុងចំណោមអ្នកបោះឆ្នោតជាង ៦លាន ៨សែននាក់ មានសន្លឹកឆ្នោតមិនបានការ តែកន្លះលាននាក់ទេ។
លទ្ធផលបឋមបណ្តោះអាសន្ន ដែលគ.ជ.ប ប្រកាសនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ បង្ហាញថា ក្នុងចំណោមអ្នកបោះឆ្នោតជាង ៦លាន ៨សែននាក់ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតជាង ៤លាន ៨សែននាក់។ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានជាង ៣សែន ៧ម៉ឺននាក់ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេងឆ្នោតជាង ៣សែននាក់។ រីឯគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានត្រឹមតែ ៧ម៉ឺនសំឡេងប៉ុណ្ណោះ។
សរុបមក លទ្ធផលនៃការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាំឲ្យការគណនាទាំងអស់ ស្ទើរតែខុស ដោយសារតែចំនួនអ្នកចេញទៅបោះឆ្នោតមានចំនួនច្រើន ហួសការស្មាន។ ក្នុងនោះ មានអ្នកគូសសន្លឹកឆ្នោតចោល ដែលចាត់ទុកជាសន្លឹកឆ្នោត មិនបានការតែ ១០% ប៉ុណ្ណោះ ក្នុងចំណោមអ្នកចេញទៅបោះឆ្នោតសរុបជាង ៦លាន ៨សែននាក់។ អ្នកគូសសន្លឹកឆ្នោតចោលនេះ ជាការប្រឆាំងតាមគោលការណ៍ប្រជាធិបតេយ្យ និងដោយសេចក្តីថ្លៃថ្នូរ ហើយសម្តែងឆន្ទៈរបស់ខ្លួន តាមការបោះឆ្នោត។
យ៉ាងណាក៏ដោយ យើងមានមតិ ៩០% ដែលជាអ្នកបោះឆ្នោតគាំទ្រ ហើយក្នុងនោះ ច្រើនលើសលប់បានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា មានរហូតដល់ជាង ៧៦%។ ដូច្នេះ មានសំឡេងប្រឆាំង តែ ១០% ដែលជារឿងធម្មតាទេ ក្នុងគោលការណ៍ប្រជាធិបតេយ្យ។
ផ្ទុយទៅវិញ និន្នាការប្រឆាំងនឹងការបោះឆ្នោត ឬក៏មានប្រទេស២-៣ ថ្លែងការណ៍ប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ដែលនេះ គ្រាន់តែជាសិទ្ធិបញ្ចេញមតិរបស់ប្រទេស២-៣នោះតែប៉ុណ្ណោះទេ ព្រោះថាការបោះឆ្នោតក្នុងប្រទេសមួយ ដូចជា កម្ពុជានេះ មិនចាំបាច់ត្រូវការការប្រថាប់ត្រាពីប្រទេសណាមួយឡើយ។
នៅកម្ពុជា តាមរយៈលទ្ធផលបឋមនៃការបោះឆ្នោត កាលពីថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ ដែលគ.ជ.ប ប្រកាសនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ បង្ហាញថា ប្រជាជនកម្ពុជាសម្រេច គាំទ្រលើគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យបន្តដឹកនាំប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំរបស់ខ្លួនតទៅទៀត តាមគោលការណ៍បោះឆ្នោតដោយសេរី និងជាសម្ងាត់។
ក្នុងនោះ កម្ពុជា នឹងមានរាជរដ្ឋាភិបាលមួយ ដែលឡើងដឹកនាំប្រទេស តាមរដ្ឋធម្មនុញ្ញ តាមរយៈការបោះឆ្នោត ហើយរដ្ឋាភិបាលនោះ ក៏ត្រូវចុះទៅវិញ តាមរយៈរដ្ឋធម្មនុញ្ញ និងការបោះឆ្នោតដែរ។ មិនអាចចុះវិញ ដោយវិធីផ្សេងទៀតទេ។
លទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក៏បានបង្ហាញថា ប្រជាជនកម្ពុជា ត្រូវការសន្តិភាព និងការអភិវឌ្ឍន៍ ហើយប្រជាជនកម្ពុជា ក៏ជឿលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រជាជនបានផ្តល់ទំនុកចិត្តគាំទ្រដ៏ច្រើនលើសលប់ផងដែរ។
ចំណុចសំខាន់មួយទៀត លទ្ធផលនៃការបោះឆ្នោត ថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ បើធៀបនឹងលទ្ធផលបោះឆ្នោត ឆ្នាំ២០១៣ យើងឃើញថា ឆ្នាំ២០១៣ អ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា តែជាង ៣លាន ៥សែននាក់ទេ តែការបោះឆ្នោតពេលនេះ នៅថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ សំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា បានកើនដល់ទៅជាង ៤លាន ៨សែននាក់ ដែលបញ្ជាក់ពីការកើនឡើងនូវការគាំទ្ររបស់ប្រជាជនកម្ពុជាយ៉ាងខ្លាំង។
ផ្ទុយទៅវិញ លទ្ធផលបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក៏បានរំលាយសំឡេងរបស់ក្រុមអតីតគណបក្សប្រឆាំង គឺអតីតគណបក្សសង្គ្រោះជាតិ ដែលអះអាងថា កម្លាំងគាំទ្ររបស់ពួកគេ មាន ៣លាននាក់ តាមរយៈលទ្ធផលបោះឆ្នោត កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៧។
ក៏ប៉ុន្តែបើយើងគិតពីចំនួនអ្នកដែលមិនទៅបោះឆ្នោត នៅឆ្នាំ២០១៨ នេះ មានតែជាង ១លាននាក់ប៉ុណ្ណោះ ហើយអ្នកជាង ១លាននាក់នោះ ក៏មិនប្រាកដថា សុទ្ធតែជាអ្នកគាំទ្រគណបក្សប្រឆាំងទាំងអស់ដែរ។
សរុបមក លទ្ធផលនៃការបោះឆ្នោត នៅឆ្នាំ២០១៨ នេះ បានបង្ហាញយ៉ាងច្បាស់ពីការបន្តគាំទ្ររបស់ប្រជាជនកម្ពុជា លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ មួយវិញទៀត លទ្ធផលបោះឆ្នោតនេះ ក៏បានរំលាយសំឡេងរបស់អតីតគណបក្សប្រឆាំង ឲ្យសាបសូន្យផងដែរ៕
ដោយ៖ សុខ ស្រីពៅ