លួចម៉ូតូមានបំពាក់ GPS ត្រូវម្ចាស់តាមរកឃើញ ដល់ក្នុងផ្ទះចោរលួច ពីខេត្តកណ្តាល ដល់ខេត្តតាកែវ
កណ្តាល៖ កិច្ចប្រតិបត្តិការ ស្រាវជ្រាវអំពើលួចកាច់កម៉ូតូ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ជាចោរលួចកាច់សោកម៉ូតូយ៉ាងជំនាញ ចំណែកម៉ូតូរកឃើញបានប្រគល់ជូនម្ចាស់ដើមវិញ។
នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា មានករណី អំពើលួច (កាច់សោក ម៉ូតូ) កើតហេតុថ្ងៃទី៣១ ខែកក្កដាឆ្នាំ
២០១៨វេលាម៉ោង៣រសៀល នៅចំណុច ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្តកណ្តាល។ ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ជៃ ជឿន ភេទប្រុសអាយុ៤០ឆ្នាំ ទីលំនៅភូមិថ្នល់ទទឹងឃុំដំណាក់អំពិលស្រុកអង្គខេត្តកណ្តាល។ ជនសង្ស័យឈ្មោះអេម សំអាត ភេទប្រុសអាយុ៤៩ឆ្នាំ ទីលំនៅភូមិត្រពាំវែងឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មុខរបរមិនពិតប្រាកដ។
វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០០៧ ពណ៌ខ្មៅស្លាកលេខកណ្តាល 1E-4186 (របស់ជនរង
គ្រោះ) ។ នៅមុនពេលកើតហេតុជនរងគ្រោះ មានឈ្មោះខាងលើបាននាំប្រពន្ធកូនចូលសម្រាក លុះព្រឹកឡើងម៉ោង៦.៣០នាទីថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះបានក្រោកពីដេក ស្រាប់តែបាត់ម៉ូតូដែលមានភិនភាគខាងលើខ្លួន ក៏បានទាញទូរស័ព្ទដើម្បីឆែក GPS ស្រាប់តែមានសញ្ញាចង្អុលតាមផ្លូវជាតិលេខ៣ ខ្លួនបានហៅមិត្តភក្តិម្នាក់ទៀត ហើយក៏បើកឡានតាមរកម៉ូតូ តាមសញ្ញាបង្ហាញរបស់GPS និងបានរាយការណ៍ជូនសមត្ថកិច្ច ។ ដោយបានកិច្ចសម្របសម្រួល និងដឹកនាំរបស់លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល និង សាលាដំបូងខេត្តតាកែវ បានការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរង ខេត្តកណ្ដាលនិងឧត្តមសេនីយ៍ទោ ស្នងការខេត្តតាកែវ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និង អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានតាម រុករកស្រាវជ្រាវ កំណត់មុខសញ្ញា ឈានដល់ចាប់បានជនសង្ស័យ១នាក់ បានរត់គេចខ្លួន មកសំងំនៅក្នុងផ្ទះ ហើយត្រូវបាន កងកម្លាំង ព័ទ្ធឆែកឆេរ រកចាប់បាន និង រកឃើញ ម៉ូតូ១គ្រឿងជារបស់ជនរងគ្រោះ និងសម្ភារៈ មួយចំនួនទៀតសម្រាប់ធ្វើសកម្មភាពលួចម៉ូតូ បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី ៕