បើកការដ្ឋានស្ថាបនាផ្លូវប្រវែងសរុប៦០០ម៉ែត្រ ក្នុងភូមិអូរអណ្តូង១ ដែលតែងតែលិចទឹក នៅរដូវវស្សា
ភ្នំពេញ ៖ ផ្លូវមួយខ្សែ ក្នុងភូមិអូរអណ្តូង១ ដែលតែងតែលិចទឹក នៅរដូវវស្សានោះ ចាប់ពីថ្ងៃនេះតទៅ នឹងលែងលិចលង់ទៀតហើយ ដោយការយកចិត្តទុកដាក់របស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចាប់ស្ថាបនាដោយចាក់ថ្ម លើកអោយខ្ពស់ឡើង ធ្វើជាផ្លូវបេតុង ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីសប្បុរសជន បានបើកការដ្ឋានស្ថាបនា ផ្លូវបេតុង ១ខ្សែនេះ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ លោក លោកស្រី ជាអភិបាលរង លោកនាយករដ្ឋបាល ចៅសង្កាត់ និងមានការចូលរួមពីប្រជាពលរដ្ឋ ប្រមាណជាង២០០រយនាក់ ។
លោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានអោយដឹងថា ផ្លូវបេតុង១ខ្សែ ដែលបើកការដ្ឋានស្ថាបនានៅថ្ងៃនេះ មានប្រវែងសរុប៦០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ក្នុងពិធីនេះដែរលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានមតិសំណេះសំណាលនិងផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដោយសំណូមពរឲ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងត្រូវចូលរួមសហការណ៍តាមដានការអនុវត្តគម្រោង និងយោគយល់ដល់ក្រុមការងារដែលកំពុងតែជួសជុលកែលំអរផ្លូវបេតុងនេះ ។ ចំណែកក្រុមហ៊ុនអ្នកម៉ៅការក្នុងការស្ថាបនា ត្រូវប្រកបដោយគុណភាព ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់រយៈពេលយូរ ហើយរដ្ឋបាលខណ្ឌទទួលបានការសសើរពីប្រជាពលរដ្ឋផងដែរ ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌបានស្នើអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរខណ្ឌក្នុងការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុនសញ្ញាមិនបទល្មើសដែលបង្កជាអសន្តិសុខសង្គម ។ រាល់ការផ្តល់ព័ត៌មានរបស់បងប្អូន អាជ្ញាធរនិងរក្សាការសម្ងាត់ជូន ហើយក៍មានន័យថាបងប្អូនបានចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្ត គោលនយោបាយ (ភូមិ សង្កាត់ មានសុវត្ថិភាព) អោយមានប្រសិទ្ធភាព ។ យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពសង្គម ដើម្បីជំរុញអោយប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ។
នៅចុងបញ្ចប់នៃពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងនេះដែរ លោកអភិបាលខណ្ឌបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ត្រូវរាយការណ៍ដល់អាជ្ញាធរភូមិ សង្កាត់ អំពីបងប្អូន ឬអ្នកជិតខាង ណាដែលទើបត្រឡប់មកពីក្រៅប្រទេស ដើម្បីណែនាំពួកគាត់ ចូលរួមបង្ការជំងឺ COVID-19 ដើម្បីសេចក្តីដល់បងប្អូន នៅក្នុងសហគមន៍យើង ។