រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់អាណាព្យាបាលរបស់ទារក និងកុមារ យកកូនមកចាក់ថ្នាំបង្ការឲ្យគ្រប់គ្រាន់ ចៀសវាងឆ្លងមេរោគផ្សេងៗក្នុងរដូវធ្លាក់ភ្លៀង
ភ្នំពេញ៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ បានថ្លែងអំពាវនាវដល់អាណាព្យាបាលរបស់ទារក និងកុមារ ត្រូវយកកូនមកចាក់ថ្នាក់បង្ការឱ្យគ្រប់គាន់ទៅកាលកំណត់របស់គ្រូពេទ្យ ដើម្បីចៀសវាងពីជំងឺផ្សេងៗជាពិសេស ក្នុងរដូវធ្លាក់ភ្លៀងនេះ។
ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាសែនសុខ អាណិត្តទី០៣ ឆ្នាំ២០២០ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅសាលាសង្កាត់ក្រាំងឃ្នង់។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ក្នុងរដូវធ្លាក់ភ្លៀងនេះ ទារក និងកុមារជាអ្នកដែលងាយប្រឈមនឹងជំងឺឆ្លងផ្សេងៗយ៉ាងរហ័ស ពិសេស ជំងឺគ្រុនក្ដៅ ផ្ដាសាយ គ្រុនឈាម និងជំងឺផ្សេងៗទៀត ដូច្នេះសូមឲ្យមាតាបិតាដែលជាអាណាព្យាបាលរបស់កុមារទាំងអស់ ចាំបាច់ត្រូវតែយកកូនមកចាក់ថ្នាំបង្ការឱ្យគ្រប់១២មុខ និងថែរក្សាបរិស្ថាននៅជុំវិញក្មេងឲ្យបានស្អាត។ ពិសេសកុំឲ្យមានជម្រកមូសខ្លា ដែលអាចមកខាំចម្លងជំងឺគ្រុនឈាមដល់កុមារ»។
លើសពីនោះ បច្ចុប្បន្ននេះ កម្ពុជាក៏ដូចជានៅលើសកលលោក កំពុងយាយីដោយជំងឺកូវីដ-១៩ ដែលពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាអនុវត្ដវិធានការការពារ ទប់ស្កាត់នឹងជំងឺកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួន ព្រោះជំងឺនេះឆ្លងសាហាវណាស់ ហើយកន្លង មកនេះ ក៏មានស្លាប់ និងឆ្លងជាច្រើនលាននាក់នៅតាមបណ្ដាប្រទេសផងដែរ។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ក្នុងនាមរដ្ឋមន្ដ្រី ជាប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ ក៏បានឱ្យប្រជាពលរដ្ឋ លើកជាយោបល់ និងស្នើនូវតម្រូវ និងភាពខ្វះសម្រាប់អភិវឌ្ឍភូមិ-ឃុំរបស់ខ្លួន ដើម្បីសិក្សានិងដោះស្រាយជូនសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។