មន្ត្រីនគរបាលការពារព្រំដែនទឹកម្នាក់ ដេកស្លាប់
កែប៖ មន្ត្រីនគរបាលការពារព្រំដែនទឹកម្នាក់ ដេកស្លាប់ ដោយគាំងបេះដូង នៅភូមិកែប សង្កាត់/ក្រុងកែប នៅវេលាម៉ោង11និង30នាទីថ្ងៃត្រង់ ថ្ងៃទី22,07,2020។
ដោយបានទទួលព័ត៌មាន ពាក់ព័ន្ធមានមនុស្សដេកស្លាប់ ក្នុងបន្ទប់ជួលមួយកន្លែង នៅចំណុចខាងកើតផ្សារកែប ក្នុងភូមិកែប សង្កាត់កែប ក្រុង/ខេត្តកែប។
ភ្លាមនោះកំលាំងនគរបាលការិយាល័យជំនាញ សហការជាមួយក្រុមគ្រូពេទ្យខេត្ត បានចុះទៅកន្លែងកើតហេតុ ពិនិត្យ ដោយធ្វើកោសល្យវិច័យ ជាលទ្ធផលសន្និដ្ឋានបានថា សពខាងលើមានឈ្មោះ ទួន រដ្ឋា ភេទប្រុស អាយុ52ឆ្នាំ មុខរបរជានគរបាលជាតិ បំរើការងារនៅវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ430 បានស្លាប់ដោយសារគាំងបេះដូង និងបានស្លាប់មុននេះរយះពេលប្រមាណជាង12ម៉ោងមកហើយ។
តាមប្រភពផ្សេងទៀតបានបញ្ជាក់ថាជនរងគ្រោះខាងលើគឺគាត់មានជំងឺបេះដូងប្រចាំកាយផងដែរ។ ក្រោយធ្វើកោសល្យវិច័យរួចរាល់ អនុវត្តតាមការណែនាំនីតិវិធីពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត និងលោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តកែប នគរបាលការិយាល័យជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទានតាមប្រពៃណីជាតិខ្មែរ៕