ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គរដ្ឋទូតអូស្ត្រាលី គាំទ្រនិងសហការជាមួយក្រសួងផែនការ ធ្វើឱ្យរឹតតែប្រសើរឡើង នៃការដាក់បញ្ចូលការផ្ទេរសាច់ប្រាក់ ទៅឲ្យប្រជាជនកម្ពុជា ដែលក្រីក្របំផុត ក្នុងអំឡុងពេលនៃជំងឺកូវីដ១៩នេះ

61

 

ក្រសួងផែនការ៖ នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទួតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានពាក់ព័ន្ធចូលរួមផងដែរ។

ក្នុងជំនួបពិភាក្សាគ្នានេះ ភាគីទាំងពីរ បានលើកឡើងពីកិច្ចទំនាក់ទំនងការទូតដ៏រឹងមាំ ការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការទៅវិញ ទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ទេសចរណ៍ ជាពិសេសឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនអូស្ត្រាលី ដែលបានយកចិត្តទុកដាក់ គាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងនោះបានផ្តល់ជំនួយអភិវឌ្ឍន៍ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ អូស្ត្រាលី បានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជាង ១ប៊ីលានដុល្លាអាមេរិក ដល់កម្ពុជា ដោយផ្តោតលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម ,កសិកម្ម នេសាទ និងធនធានទឹក, អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព,អប់រំ,សុខាភិបាល,បោសសម្អាតមីន,កសាងភាពធន់ និងគាំទ្រការអភិវឌ្ឍន៍ទូទៅ និងជាពិសេសបានគាំទ្រដល់ក្រសួងផែនការ តាមរយៈគម្រោងគាំទ្រដល់ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដំណាក់កាលទី៣ ឆ្នាំ២០១៦-២០២១ មានទឹកប្រាក់ប្រមាណ ៧,៣៣៨,០០០ដុល្លាអូស្ត្រាលី និងបានជួយគាំទ្រដល់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ តាមរយៈAUSAID Australia លើការងារអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០០០,២០០៥,២០១០ និង ២០១៤ និងលើការងារជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៣ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមក្រសួងផែនការ ក៏ដូចជារដ្ឋាភិបាលអូស្ត្រាលី ពិតជាមានមោទនភាពជាខ្លាំង ចំពោះកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ វាពិតជាបានផ្តល់នូវទិន្នន័យជាមូលដ្ឋាន សម្រាប់កំណត់សិទ្ធិរបស់អ្នកដែលត្រូវទទួលបានផល នូវការផ្តល់សេវាសុខភាពដោយឥតគិតថ្លៃ រួមទាំងកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩នេះ ហើយក្នុងនាមឯកឧត្តមអគ្គរដ្ឋទូតអូស្ត្រាលី ពិតជារីករាយក្នុងការ គាំទ្រនិងសហការជាមួយក្រសួងផែនការ ធ្វើឱ្យរឹតតែប្រសើរឡើង មានតម្លាភាព និងវត្ថុបំណងនៃការដាក់បញ្ចូលការផ្ទេរសាច់ប្រាក់ ទៅឲ្យប្រជាជនកម្ពុជា ដែលក្រីក្របំផុតក្នុងអំឡុងពេលនៃជំងឺកូវីដ១៩នេះ ហើយការផ្តល់Tablet ចំនួន១៧០០គ្រឿងកាលពីពេលថ្មីៗនេះ គឺជាផ្នែកមួយនៃការគាំទ្រឱ្យទិន្នន័យគ្រួសារក្រីក្រ មានភាពច្បាស់លាស់ សុក្រឹត និងតម្លាភាពផងដែរ។

អត្ថបទដែលជាប់ទាក់ទង