ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញកូវីដ ១ករណីថែមទៀត ជាករណីនាំចូល ខណៈអ្នកជំងឺ២នាក់ជាសះស្បើយ

86

 

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន១ករណីថែមទៀត ខណៈដែលនៅថ្ងៃនេះដែរ មានអ្នកជំងឺ២នាក់បានជាសះស្បើយ។ នេះបើតាមសេចក្តីប្រកាសនៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ។

ពលរដ្ឋដែលក្រសួងរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ គឺជាបុរសអាយុ២៨ឆ្នាំ មានទីលំនៅនៅភូមិគោកត្នោត ឃុំកណ្តែង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រូបគេជាអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៉ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ នេបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។

ដោយឡែកករណីជាសះស្បើយ២នាក់នោះ ត្រូវបានក្រសួងសុខាភិបាលអះអាងថា គឺជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ រស់នៅភូមិចុងខ្សាច់ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបុរសជនជាតិខ្មែរអាយុ២៥ឆ្នាំ នៅភូមិចុងខ្សាច់ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពួកគាត់ទាំងពីរ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។

រហូតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩៨នាក់ ដែលក្នុងនោះមាន១៤២នាក់ បានជាសះស្បើយ និង៥៤នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ខណៈដែល២នាក់ ជាពលរដ្ឋអាមេរិក សម្រាកព្យាបាលនៅក្នុងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

ថ្វីដ្បិតតែមានករណីឆ្លងថ្មីៗនេះក៏ដោយ ប៉ុន្តែករណីទាំងនោះសុទ្ធសឹងតែជាករណីនាំចូល ដោយមិនទាន់មានការឆ្លងចេញពីពលរដ្ឋនៅក្នុងប្រទេសឡើយ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ទាំងប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បានអំពាវនាវឱ្យពលរដ្ឋបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងមកដល់សហគមន៍កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង