ប្រធានមន្ទីរកសិកម្មខេត្តជំរុញដល់ប្រជា កសិករទាំងអស់ ត្រូវខិតខំចិញ្ចឹមត្រីសត្វ និងដាំបន្លែ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជំនួសការនាំចូល
មណ្ឌលគិរី៖ ដើម្បីលើកកម្ពស់ជីវភាព ប្រជា ពលរដ្ឋឱ្យកាន់តែមានលក្ខណៈសមរម្យ តាមរយៈការចិញ្ចឹមសត្វ និងត្រីនៅក្នុងសហគមន៍ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានជំរុញដល់ប្រជាកសិករទាំងអស់ ត្រូវខិតខំចិញ្ចឹមត្រី សត្វ និងដាំបន្លែ ដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក ជំនួសការនាំចូលពី ប្រទេសជិតខាង។ លោកប្រធានមន្ទីរបានជំរុញបែបនេះ ក្នុងពិធីចែកកូនត្រីដល់ប្រជាកសិករបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលប្រព្រឹត្តទៅនៅឃុំស្រែព្រះ ស្រុកកែវសីមា នៅព្រឹកថ្ងៃព្រហស្ស ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។
លោក សុង ឃាង បានបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងខេត្តមណ្ឌលគិរី ដែលជាកម្មវិធីរបស់ក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានការគាំទ្រពីរាជរដ្ឋាភិបាល និងអង្គការ IFAD ។ ដូច្នេះ មន្ទីរកសិកម្ម បានសហការជាមួយអង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា បានធ្វើឡើងនៅស្រុកកែវសីមា និងស្រុកកោះញែក លើការចិញ្ចឹមត្រី ជារួមនៅស្រុកកែវសីមា កម្មវិធី ASPIREនេះ មានប្រាំបណ្តុំ គឺបណ្តុំដំឡូងមី បណ្តុំស្វាយចន្ទី បណ្តុំចិញ្ចឹមមាន់ បណ្តុំចិញ្ចឹមជ្រូក និងបណ្តុំចិញ្ចឹមត្រីនេះតែម្តង ដែលអង្គការ ស៊ីអឌីធី ជាអ្នកអនុវត្តន៍ផ្ទាល់។ លោក បន្ថែមថា កម្មវិធីនេះ មានអ្នកទទួលផលចំនួន ២១១គ្រួសារ មានបង្កើតបណ្តុំចំនួន០៨ នៅឃុំស្រែខ្ទុម និងឃុំស្រែព្រះ ក្នុងស្រុកកែវសីមា ហើយការបង្កើតជាបណ្តុំនេះ មន្ត្រីជំនាញ ក៏បានរៀបចំកិច្ចសន្យាទិញ-លក់ រវាងអ្នកផលិត អ្នកទិញ និងអ្នកលក់ធាតុចូលកសិកម្ម។
លោកប្រធានមន្ទីរកសិកម្ម បញ្ជាក់បន្ថែមថា ក្នុងកាលៈទេសៈនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងការកាត់បន្ថយការនាំចូលពីប្រទេសជិតខាង លោកបានជំរុញឱ្យកសិករទាំងអស់ត្រូវខិតខំផលិត ចិញ្ចឹម សត្វ ត្រី ដាំបន្លែ ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ជំនួសការនាំចូលពីប្រទេសជិតខាង។ មន្ទីរជំនាញ និងអង្គការដៃគូ ក៏បានផ្តល់ជាសម្ភារ និងរៀបចំអាងភ្ញាស់ និងបង្កាត់កូនត្រី ដើម្បីឱ្យប្រជាកសិករទាំងអស់ អាចទាក់ទងយកមកចិញ្ចឹមបាន ចៀសវាងការនាំចូលពីបណ្តាខេត្តនានា និងប្រទេសជិតខាង។ លោកក៏បានណែនាំដល់ប្រជាកសិករទាំងអស់ ត្រូវខិតខំព្យាយាមចិញ្ចឹមត្រីឱ្យបានច្រើន ដើម្បីអាចផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក និងជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ឱ្យមានលក្ខណៈសមរម្យ ហើយប្រសិនបើមានបញ្ហាផ្សេងៗ អាចទំនាក់ទំនងទៅមន្ត្រីជំនាញ ដើម្បីធ្វើការចុះពិនិត្យ សិក្សា និងផ្តល់បច្ចេកទេសថ្មីៗបន្ថែមទៀត។
បើតាមរបាយការណ៍របស់ប្រធានសម្របសម្រួលកម្មវិធីអង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា(ស៊ីអឌីធី) លោក បូ រ៉ាវុធ បានឱ្យដឹងថា កម្មវិធីផ្តល់កូនត្រីដល់កសិករគំរូ និងសមាជិក បណ្តុំសម្រាប់គម្រោង នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងខេត្តមណ្ឌលគិរី មានគម្រោងរយៈពេល ០៨ខែ ដែលបានអនុវត្តន៍នៅស្រុកកោះញែក និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្នុងនោះ ក្នុងស្រុកកោះញែកមាន ២ឃុំ គឺឃុំអរបួនលើ និងឃុំស្រែសង្គម មាន១០ភូមិ ដោយមានអ្នកទទួលផលចំនួន១៧៥គ្រួសារ ។ ក្នុងស្រុកកែវសីមា មាន ២ឃុំ គឺឃុំស្រែខ្ទុម និងឃុំស្រែព្រះ មាន៩ភូមិ មានអ្នកទទួលផលចំនួន ២១១គ្រួសារ ។ សរុបអ្នកទទួលផលមានចំនួន ៣៨៦គ្រួសារ ៕ សំរិត