អភិបាលខេត្តព្រះសីហនុ ប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់ក្រុង ស្រុក
ព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់ក្រុង ស្រុក ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។
លោកឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុមានប្រសាសន៍ ថាសមាគមបានចុះដល់មូលដ្ឋាន ស្ដាប់បានអំពីសុខទុក្ខរបស់គ្រួសារអតីតយុទ្ធជនក្នុងករណីគ្រួសារអតីតយុទ្ធជនណាមួយមានបញ្ហាអ្វីមួយឲ្យយើងជួយក្រុមការងារយើងនឹងទៅដល់ភ្លាមដោយយើងធ្វើការទំនាក់ទំនងគ្នាជាប្រចាំព្រោះក្រុមការងារយើងមានលេខទូរស័ព្ទរបស់គាត់ដើម្បីទាក់ ទងគ្នាទៅវិញទៅមក។ជាគោលការណ៍គណៈ កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតែងតែក្តាប់ជាប់ពីស្ថានភាពរស់នៅគ្រប់ក្រុមគ្រួសារអតីតយុទ្ធជនហើយមិនទុកឲ្យគ្រួសារអតីតយុទ្ធជនណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងឡើយ។
សូមបញ្ជាក់ថា អតីតយុទ្ធជននៅខេត្តព្រះសីហនុមានចំនួន ១,០១៣នាក់ ចូលជាសមាជិកសមាគមន៍ចំនួន ៥១៥នាក់ មកដល់ឆ្នាំ២០១៩ អតីតយុទ្ធជនកម្ពុជា បានកើនឡើងដល់ចំនួន ១,០៧៤នាក់ និងចូលជាសមាជិក សមាគមន៍ ចំនួន៦៩៣នាក់ ព្រមទាំងបានសាងសង់ផ្ទះជូនអតីតយុទ្ធជនឆ្នាំ២០១៧ ចំនួន១០ខ្នងផ្ទះ មកដល់បច្ចុប្បន្ន និងប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះចំនួន ៦៧សព ស្មើនឹងថវិការ ២៦៨,០០០,០០០រៀល។
អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជនកម្ពុជាដូចខាងក្រោម
១.ពេលមានសមាជិក សអក មានជំងឺក្រុមការងារ សអក ខេត្ត ក្រុង ស្រុក ចុះសួរសុខទុក្ខពួកគាត់ដល់លំនៅដ្ឋានឬ មន្ទីរពេទ្យដែលគាត់កំពុងសម្រាកព្យាបាល។
២.ពេលមានសមាជិក សអក ទទួលមរណ:ភាពក្រុមការងារ សអក ខេត្តក្រុងស្រុកចុះប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះជូនដល់គ្រួសារសពដល់លំនៅឋានឲ្យបានទាន់ពេលវេលា។
៣.បន្តផ្សព្វផ្សាយជូនដល់អតីតយុទ្ធជនចូលជាសមាជិក សអក បន្ថែមទៀត។
៤.បន្តធ្វើបច្ចុប្បន្នភាពបន្ថែមទៀតដើម្បីអភិវឌ្ឍជីវភាពគ្រួសារពួកគាត់ឲ្យមានជីវភាពធូរធារ។
៥.បន្តគៀងគរ រកសប្បុរសជនជួយឧបត្ថម្ភទាំងថវិកានិងសម្ភារៈ ដើម្បីទ្រទ្រង់ដោយសមាគមបន្តទៀតនិងជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនជួបការលំបាក គ្មានដី គ្មានផ្ទះ។
៦.ផ្សព្វផ្សាយដល់អតីតយុទ្ធជនមានកូនចៅគ្រប់អាយុឲ្យចូលបម្រើកងទ័ព។
៧.បន្តផ្សព្វផ្សាយដល់អតីតយុទ្ធជន ចេះប្រើប្រាស់របស់គោលនយោបាយឲ្យចំគោលដៅនិងចេះធ្វើអនាម័យដើម្បីបង្ការជំងឺផ្សេងៗពិសេសជំងឺកូវីដ១៩។
៨.បន្តប្រើប្រាស់កម្លាំងផ្នែកសឹករងស្ទឹងហាវ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវការពារគ្រឿងចក្រ កាយព្រំ និងឈូសឆាយពង្រាបដីបន្តទៀត។
៩.បន្តសហការជាមួយគណៈបញ្ជាការឯកភាពនិងក្រុមការងារឈូសឆាយដីសម្បទានសង្គមកិច្ចស្នើសុំថ្នាក់លើសាងសង់ផ្ទះជូនអតិថិជនដែលគ្មានដី គ្មានផ្ទះ។
១០.បន្តចុះសួរសុខទុក្ខតីតយជនមួយលើកទៅ ២លើកក្នុងមួយឆ្នាំ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ គ្រប់ផ្នែក ដែលនៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានជំរុញសកម្មភាពសមាគម មានដំណើរការវិវត្តន៍ គួរឲ្យកត់សម្គាល់។ ក្នុងនោះកិច្ចសហការ ដឹកនាំសមាសភាពចម្រុះ កិច្ចពង្រឹង អង្គការចាត់តាំងថ្នាក់ខេត្ត ក្រុង ស្រុក រហូតដល់ឃុំ ការធ្វើបច្ចុប្បន្នភាពសមាជិក សមាគម ការបើកប្រាក់បេឡាមរណៈសង្គ្រោះ បានដល់ដៃ និងទាន់ពេលវេលាជូនគ្រួសារសព ការពិនិត្យដោះស្រាយរាល់សំណូមពរសមាជិកសមាគម ដែលកំពុងជួបការលំបាកខ្វះខាតជាក់ស្តែង ទទួលបាននូវទីជម្រក ផ្ទះសម្បែងសមរម្យ ផ្តល់គ្រឿងឧបភោគ បរិភោគជាដើម ដោយមិនទុកឲ្យបងប្អូនទទួលរងគ្រោះ ដោយយើងមិនបានដឹង និងមិនបានគិតគូរយកចិត្តទុកដាក់នោះឡើយ។ក្នុងពិធីនោះដែរ ឯកឧត្តមអភិបាល ខេត្តព្រះសីហនុ បានឧបត្ថម្ភប្រធានអតីតយុទ្ធជនក្រុងស្រុក ៥ ក្នុង១ស្រុកទទួលបាននូវថវិកាចំនួន ៣លានរៀល ។