ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ថ្មីទៀត លើកងទ័ពមួកខៀវកម្ពុជា ទើបត្រឡប់ពីប្រទេសម៉ាលី

73

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០៤នាក់ លើកងទ័ពមួកខៀវកម្ពុជា ដែលទើបត្រឡប់មកពីប្រទេសម៉ាលី។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបណ្តាញព័ត៌មាន បានបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន០៤នាក់ (ស្ត្រី ០១នាក់) រួមមាន៖
* បុរសជនជាតិខ្មែរអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
* បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅខេត្តត្បូងឃ្មុំ
* បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ចង្អើរ ខេត្តកែប
* ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ
លទ្ធផលវិភាគវត្ថុសំណាកលើកទីពីររបស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺជាបុរសទាំង០៣នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ និងអ្នកជំងឺជាស្ត្រី០១នាក់ ត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលបាបញ្ជាក់ថា ក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា សរុបចំនួន ៨០នាក់ (ស្រី ០៧នាក់) បានវិល ត្រឡប់មកពីប្រទេសម៉ាលីមកកាន់កម្ពុជាវិញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលតេស្តលើកទី១ របស់ពួកគាត់ គឺអវិជ្ជមានវីរុសកូវីដ-១៩ ហើយត្រូវបានដាក់ឱ្យនៅធ្វើចត្តាឡីស័កក្នុងមណ្ឌលកងទ័ពអង្គការសហប្រជា ជាតិនៅខេត្តកំពង់ស្ពឺ។ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ក្រុមនេះ តេស្តលើកទីពីរត្រូវបានធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដែលបានទទួលលទ្ធផល វិជ្ជមានវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០៤នាក់ ខាងលើនេះ។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២០២នាក់ (ស្ត្រី៤៤នាក់ និងបុរស១៥៨នាក់) ក្នុងចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១៤២នាក់ (ស្រី៣៩នាក់ និងបុរស១០៣នាក់) ខណៈអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៥៨នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ជាស្ត្រីជនជាតិ អាមេរិកកាំង០២នាក់៕

អត្ថបទដែលជាប់ទាក់ទង