រដ្ឋបាលរាជធានីភ្នំពេញ សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរជាផ្លូវការ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការឆ្លងថ្នល់ មិនប្រឈមគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរនៅព្រឹកថ្ងៃទី ២៤ ខែកក្កដានេះបានមានប្រសាសន៍ថា ការដាក់ឲ្យដំណើរការស្ពានអាកាសថ្មើរជើងថ្មីនេះគឺជាសមិទ្ធផលមួយក្នុងយុគ្គសម័យ កូវីដ១_៩ដែលជាអំណោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
លោកបានបន្តថា ការសាងសង់ស្ពានអាកាសថ្មើរជើងនេះ និងជួយកាត់បន្ថយហានិភ័យនៃការដើរឆ្លងផ្លូវ កាត់បន្ថយការកស្ទះចរាចរណ៍ សម្រួលលំហូចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រង ។ការដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងនៅចំណុចផ្សារដើមគរនេះ គឺសម្រាប់បម្រើឲ្យប្រជាពលរដ្ឋទូទៅ និងមិនមែនសម្រាប់តែប្រើជាពលរដ្ឋនៅម្តុំតំបន់នោះទេ ។
លោកស្រី អៀង ចាន់ធី ប្រជាពលរដ្ឋនៅម្តុំផ្សារដើមគរបានមានប្រសាសន៍ថា ការសាងសង់ស្ពាននេះ បានធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ និងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានផងដែរ ។លោកស្រីបន្តថាបើសិនជារាជរដ្ឋាបាលភិបាលមានថវិការគ្រប់គ្រាន់អាចសាងសង់ស្ពានអាកាសមានជណ្តើយន្តទៀតនឹងកាន់តែល្អនិនឹងជួយសម្រួលការលំបាករបស់មនុស្សចាស់ដែលពិបាកឡើងស្ពាន ជាពិសេសនោះ ជនពិការដែលត្រូវការរុញរទេះ។
ស្ពានអាកាសថ្មើរជើងផ្សារដើមគរ នៅលើមហាវិថីម៉ៅសេទុងបានបើកការដ្ឋាន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ម៉ៅការសាង់ដោយក្រុមហ៊ុន Space Media ប្រើប្រាស់រយៈពេលសាងសង់៧ខែ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ។ស្ពានអាកាសផ្សារដើមគរនេះមានបណ្តោយ ២៨ ម៉ែត្រ ទទឹង ៣,៤ម៉ែត្រ ទទឹងផ្លូវដើរផ្នែកខាងក្នុង ២,៨ម៉ែត្រកម្ពស់៥.៥ម៉ែត្រ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ស្ពានអាកាសថ្មេីរជេីងផ្សារដើមគរនេះត្រូវបានសាងសង់ឡេីងដោយក្រុមហ៊ុនSpace media Co,Ltd ជាអ្នកទទួលម៉ៅការ ដែលមានបទពិសោធន៍ និងស្នាដែស្ថាបនាស្ពានតែម្តង ហេីយក្រុមហ៊ុននេះនឹងបន្តការសាងសង់ស្ពានអាកាសថ្មេីរជេីងនៅរាជធានីភ្នំពេញបន្តទៀត ។
គួរបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៦កន្លែងហើយ គឺស្ពានអាកាសថ្មេីរជេីងនៅតំបន់សាលាជម្ពូវន្ត័ចំនួន២ រង្វង់មូលនាងគង្ហីង១ ស្ពានអាកាសថ្មេីរជេីងនៅផ្សារដេីមគរដែលដាក់អោយដំណេីរការក្នុងពេលនេះ១ និង ស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក ទល់មុខសាលាបឋមសិក្សាសន្ធរម៉ុកដែលកំពុងដំណេីរការផងដែរ ៕