ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដី​អតីតយុទ្ធជន​នៅ​ខេត្តសៀមរាប ត្រូវ​ប្រជាពលរដ្ឋ​រំលោភ​យក​ជិត ៦០០​ហិកតា​, ទេសរដ្ឋមន្ត្រី គន់ គីម អំពាវនាវ​ឱ្យ​ប្រគល់​ដីជូ​ន​អតីតយុទ្ធជន​វិញ​

68

 

(​សៀមរាប​)៖ ដី​សម្បទាន​សង្គមកិច្ច​ដែល​រាជរដ្ឋាភិបាល​ទុក​បែង​ចែកជូន​អតីតយុទ្ធជន​ទំហំ​ជិត ៦០០​ហិកតា ស្ថិតនៅក្នុង​ឃុំ​ខ្នារ​សណ្តាយ និង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ត្រូវបាន​ប្រជាពលរដ្ឋ​កាប់​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​។ លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រំលោភ​យក​ដី​ទាំងនោះ​ប្រគល់ជូន​មកវិញ ដើម្បី​ទុក​ជូន​បែងចែក​អតីតយុទ្ធជន​មាន​ជីវភាព​ខ្វះខាត​។​

​លោក​ទេសរដ្ឋមន្ត្រី គន់ គីម រួម​នឹង​អភិបាលខេត្ត​សៀមរាប ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ជួបប្រជុំគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ដី​សម្បទាន​សង្គមកិច្ច​ស​ម្រា​ប់​អតីតយុទ្ធជន ដែល​រង​ការរំលោភបំពាន​នេះ​។​

​របាយការណ៍​បាន​បង្ហាញថា នៅ​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ដី​ទំហំ ១,៣៦៩​ហិកតា ស្ថិតក្នុង​ឃុំ​ខ្នារ​សណ្តាយ និង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​សម្បទាន​ជូន​អតីតយុទ្ធជន​កម្ពុជា ដែលមាន​ជីវភាព​ខ្វះខាត​សម្រាប់ធ្វើ​ផ្ទះ​ស្នាក់នៅ និង​បង្កបង្កើនផល​។​

​តែ​មកដល់​បច្ចុប្បន្ន​ដី​នេះ បែងចែក​ជូន​អតីតយុទ្ធជន​បានត្រឹមតែ ៣៨៤​ហិកតា​ប៉ុណ្ណោះ ដោយឡែក​ដី​ជិត ៦០០​ហិកតា ត្រូវបាន​ប្រជាពលរដ្ឋ​ទៅ​កាប់​ទន្ទ្រាន​រំលោភ​យក​ដី​ទាំងនេះ​។ បើតាម​របាយការណ៍​បាន​បង្ហាញថា ប្រជាពលរដ្ឋ​ខ្លះ​រំលោភ​យក​ដី​នេះ​រហូតដល់​ទៅជា​ង ៥​ហិកតា​ក៏មាន​។​

​លោក​ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា នៅក្នុង​ខេត្តសៀមរាប​នេះ មាន​សមាជិក​អតីតយុទ្ធជន​ប្រមាណ ៦,៥៤៦​នាក់ ហើយ​មានគ្រួសារ​អតីតយុទ្ធជន​ប្រមាណ ៣១៣​គ្រួសារ​មិនមាន​ដី និង​ផ្ទះ​នោះឡើយ​។​

​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រុមគ្រួសារ​អតីតយុទ្ធជន​ដែល​ខ្វះខាត​នឹងត្រូវ​ផ្តល់ជូន​ដី​ទំហំ កន្លះ​ហិកតា​សម្រាប់ធ្វើ​ផ្ទះ​រស់នៅ និង​ដី​ទំហំ ២​ហិកតា​សម្រាប់​បង្កបង្កើន​ផល​។ ការទន្ទ្រាន និង​រំលោភ​យក​ដី​សម្បទា​នស​ង្គ​ម​កិច្ច​ពី​សំណាក់​ប្រជាពលរដ្ឋ​បែបនេះ នឹងធ្វើ​ឱ្យ​សមាគម​អតីតយុទ្ធជន​ខ្វះខាត​ដី​ក្នុងការ​បែងចែក​ជូន​ក្រុមគ្រួសារ​អតីតយុទ្ធជន​មាន​ជីវភាព​ខ្វះខាត​ជាមិនខាន​។​

​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រំលោភ​យក​ដី​របស់​អតីតយុទ្ធជន​នេះ ប្រគល់ជូន​មក​សមាគម​វិញ ដើម្បី​សមាគម​រៀបចំ​ចាត់ចែង​ជូនទៅ​អតីតយុទ្ធជន​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ព្រមាន​ថា អ្នក​ដែល​រំលោភ​យក​ដី​របស់​អតីតយុទ្ធជន​នេះ​មិន​ព្រម​ប្រគល់​ដី​មកឱ្យ​សមាគម​អតីតយុទ្ធជន​វិញ​ទេនោះ គឺ​សមាគម​នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់​។​

​បើទោះបីជា​យ៉ាងណា​សមាគម​អតីតយុទ្ធជន ក៏​មិន​បិទផ្លូវ​សម្របសម្រួល​នោះដែរ​។ លោក​ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​បាន​រំលោភ​យក​ដី​របស់​អតីតយុទ្ធជន​នេះ បើសិន​ជាមាន​ជីវភាព​ខ្វះខាត ហើយ​មិនមាន​ដី​មែន​នោះ គឺ​សមាគម​នឹង​បែងចែក​ដី​ជូន​តាម​រប​ប​គោលនយោបាយ​របស់​អតីតយុទ្ធជន​ដែរ​៕​

អត្ថបទដែលជាប់ទាក់ទង