ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បានធ្វើឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​ប្រមាណ​២៥% នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​២០២០​នេះ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ​

57

 

​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ដល់​បុគ្គលិក និយោជិត​ក្រុមហ៊ុន​ប្រមាណ​៦០​នាក់​មកពី​ក្រុមហ៊ុន​ចំនួន​២២​។​
​សិក្ខាសាលា​នេះ​ធ្វើឡើង​ដើម្បី​អប់រំ​បណ្ដុះបណ្ដាល​ជន​បង្គោល​របស់​ក្រុមហ៊ុន​ឱ្យ​ពួកគាត់​បាន​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍ និង​យក​ចំណេះដឹង​ទាំងនោះ​ទៅ​ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​បុគ្គលិក និយោជិត​ផ្សេងទៀត​ក្នុង​ក្រុមហ៊ុន និង​អ្នក​នៅ​ជុំវិញខ្លួន ចូលរួម​បំផុសស្មារតី​អនុវត្ត​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដែល​អាចធ្វើ​ទៅបាន​។​
​ថ្លែង​នៅក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នាឱកាស​នោះ លោកជំទាវ​រដ្ឋលេខាធិកា​រ​បាន​មានប្រសាសន៍ថា គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ឃាតករ​លាក់​មុខ ឆក់យក​ជីវិត​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ប្រមាណ​ពី​៥​ទៅ​៦​នាក់​ក្នុង​មួយថ្ងៃ បន្សល់ទុក​ក្មេង​កំព្រា ស្ត្រី​មេម៉ាយ បុរស​ពោះម៉ាយ ពិការភាព និង​ធ្វើឱ្យ​ពួកគាត់​ធ្លាក់ខ្លួន​ក្នុង​ភាពក្រីក្រ​។​
​លោកជំទាវ​រដ្ឋលេខាធិកា​រ​បាន​អំពាវនាវ​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ស្វែងយល់​ពី​ច្បាប់​ចរាចរណ៍ ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​សញ្ញា​ចរាចរណ៍​ឱ្យបាន​ច្បាស់លាស់ និង​ចូលរួម​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​ជៀស​ផុតពី​ឃាតករ​លាក់​មុខ​នោះ​ឱ្យបាន និង​សូម​រៀបចំខ្លួន​និង​រស់នៅ​ក្នុងនាម​ជា​ពលរដ្ឋ​ស៊ីវីល័យ​ក្នុងសង្គម ដោយ​ត្រូវ​ចងចាំ​ថា​៖ សុវត្ថិភាព​ចរាចរណ៍​ផ្ដើមចេញពី​មនុស្ស​ម្នាក់ៗ ដោយហេតុថា​គ្មាន​អ្នកណាម្នាក់​អាច​គេច​ផុតពី​ការប្រើប្រាស់​ផ្លូវថ្នល់​បានឡើយ​។​

​យោងតាម​របាយការណ៍​របស់​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​៖ គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​ប្រមាណ​២៥% នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​២០២០​នេះ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ តាមរយៈ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​តាម​វិធីសាស្ត្រ និង​យុទ្ធនាការ​នានា​របស់​លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​
​លើសពីនេះ​ទៀត យុទ្ធនាការ​បណ្ដុះបណ្ដាល​ច្បាប់​ចរាចរណ៍​ដល់​បុគ្គលិក និយោជិត​ក្រុមហ៊ុន​នេះ​នឹង​បន្តធ្វើ​រហូតដល់​គ្រប់​ចំនួន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​។​
​លោកជំទាវ​រដ្ឋលេខាធិកា​រ បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន​បញ្ជូន​ជន​បង្គោល មក​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នាពេលនេះ និង​បាន​ផ្ដាំ​ផ្ញើឱ្យ​សិក្ខាកាម​ទាំងអស់​ចូលរួម​សួរ​ជា​សំណួរ និង​ផ្ដល់យោបល់​ឱ្យបាន​ផុលផុស សំដៅ​ឱ្យ​ការបណ្ដុះបណ្ដាល​នេះ​មានដំណើរ​ការ​ទៅ​រលូន និង​ទទួលបាន​ចំណេះដឹង​ពិតប្រាកដ ដែល​អាច​យកទៅ​បណ្ដុះបណ្ដាល​បន្ត​ឱ្យបាន​កាន់តែ​ទូលំទូលាយ​៕​

អត្ថបទដែលជាប់ទាក់ទង