ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំការចេករបស់កម្ពុជាកើនដល់១៥ក្រុមហ៊ុន មានផ្ទៃដីដាំដុះជាង៨០០០ហិកតា ទទួលបានការអនុញ្ញាតឲ្យនាំចេញផ្លែចេកស្រស់ទៅចិន

142

ស្ថានទូតចិនបញ្ជាក់ថា នាពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិនទើបអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៥ទៀត អាចវេចខ្ចប់ នាំចេញផ្លែចេករបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន លើកទី៤ ទើបធ្វើឲ្យចំនួនក្រុមហ៊ុនកើនឡើងដល់១៥ក្រុមហ៊ុន។

Facebook ផ្លូវការរបស់ស្ថានទូតចិននៅកម្ពុជា បានចុះផ្សាយយ៉ាងដូច្នេះថា «កាលពីពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិន បានសម្រេចអនុញ្ញាតក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និង ក្រុមហ៊ុនកសិកម្មផ្សេងទៀតសរុបចំនួន៥ ជាសហគ្រាសចំការ និង រោងចក្រវេចខ្ចប់នាំចេញផ្លែចេក នៃប្រទេសកម្ពុជាទៅកាន់ប្រទេសចិនលើកទី៤។ រហូតមកដល់បច្ចុប្បន្ននេះ ចម្ការចេកក្នុងប្រទេសកម្ពុជា ដែលបានចុះឈ្មោះមានចំនួនរហូតដល់១៥ ក្រុមហ៊ុន ការដាំដុះដំណាំចេកមានចំនួនជាង ៨០០០ ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន ២១កន្លែង បានជួយលើកកម្ពស់យ៉ាងល្អប្រសើរ លើសមត្ថភាពកែច្នៃផលិតកម្ម ទម្រង់នៃការនាំចេញ និងការប្រកួតប្រជែងរបស់ដំណាំចេកនៅក្នុងប្រទេសកម្ពុជា»

សូមជម្រាបថា នៅឆមាសទី១ ឆ្នាំ២០២០នេះ ការនាំចេញចេកមានចំនួនជាង ១៤ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួនជាង ៦៨លានដុល្លារអាមេរិក។ នេះបើតាមតួលេខដែលកត់ត្រាដោយក្រសួងពាណិជ្ជកម្ម៕

អត្ថបទដែលជាប់ទាក់ទង