ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជន​ម្នាក់​ត្រូវ​ឃាតក​សម្លាប់ ក្នុង​ចំការចេក​ក្រុមហ៊ុន​ហ័ង​អា​ញ់ ស្រុក​កូន​មុំ ខេត្តរតនគិរី សង្ស័យ​រឿង​ប្រចណ្ឌ​

125

 

​រតនគិរី​៖ យុវជន​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់ ក្នុង​ចំការចេក​របស់​ក្រុមហ៊ុន​ហ័ង​អា​ញ់ ភូមិ​ស្រែ​ពក​ធំ ឃុំ​សេរី​មង្គល ស្រុក​កូន​មុំ ខេត្តរតនគិរី កាលពី​ថ្ងៃត្រង់​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​។​

​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សេរី​មង្គល ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ត្រួតពិនិត្យ​សាកសព​។ ជា​លទ្ធផល​ឃើញថា ជា​ករណី​ឃាតកម្ម (​ចាក់​នឹង​កាំបិត និង​វាយ​ដំបង​) មាន​ស្លាកស្នាម​អារ​-​ក និង​វះ​មុខជា​ច្រើន​កាំបិត​។​

​តាម​ស្រាវជ្រាវ​សាកសួរ​បំភ្លឺ​ជុំវិញ​រឿងហេតុ បាន​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​២០៖១០​នាទី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅ ជនរងគ្រោះ​ឈ្មោះ គឹម សារឿន ហៅ​តុង អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ទ្រ​ន់ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បាន​ផឹកស៊ី​ជាមួយ​ជនសង្ស័យ​ឈ្មោះ បាក់ ណាន អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​បឹង​កំពត ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​

​ក្រោយពី​ផឹកស៊ី​រួច​នៅ​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃកើតហេតុ ក៏បាន​បបួលគ្នា​ទៅ​ឆ្លុះ​កង្កែប ហើយក៏​បាន​បាត់​តាំងពី​ពេល​នោះមក​។ រហូតដល់​ម៉ោង​១៥​និង​០០​នាទី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ក៏​ត្រូវបាន​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​តែម្តង​។​

​បើតាម​បញ្ជាក់​របស់​សមត្ថកិច្ច​ជំនាញ ការសម្លាប់​ជនរងគ្រោះ​ខាងលើ​សង្ស័យ​ប្រចណ្ឌ​ទើប​ឈានដល់​ការសម្លាប់​តែម្តង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បានមក​ធ្វើ​កម្មករ​នៅ​ចំការចេក ក្រុមហ៊ុន​ហ័ង​អា​ញ់ បាន​រយៈពេល​៦​ខែ​មកហើយ ក្រោយពី​ធ្វើ​សកម្មភាព​រួច​រត់គេច​ខ្លួន​បាត់​។ ក្រោយពី​មន្ត្រី​ជំនាញ​បានធ្វើ​កោសល្យវិច័យ​រួច សព​ត្រូវ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សូមបញ្ជាក់ថា នៅ​កន្លែងកើតហេតុ​ឃើញ​បន្សល់​វត្ថុតាង​មាន​៖ ស្បែកជើង​២​គូ​, កាំបិត​ស​តូច​ចុង​ស្រួច​១ និង​ដំបង​ឈើ​២​កំណាត់ មាន​ប្រឡាក់​ឈាម​ជាប់​តិចៗ​។​

​ទាក់ទិន​ទៅនឹង​ករណី​ខាងលើ​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ផែន ឌី​ណា ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខេត្តរតនគិរី នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០​យ៉ាងខ្លី​ថា សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​ហើយ និង​កំពុងមាន​វិធានការ​តាមច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង