ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ

123

 

រាជធានីភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំឲ្យ ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ការកាត់ក្តីមួយប្រកបដោយអនាគតិ ក្នុងការធានាឱ្យបាននូវភាព យុតិ្តធម៌ ត្រឹមត្រូវ ជូនប្រជាពលរដ្ឋ ជាពិសេសគឺការវៀរចាកនូវអគិតធម៌ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលចៅក្រម ព្រះរាជអាជ្ញាទាំងអស់បានធ្វើសច្ចាប្រណិធាន នៅមុនពេលខ្លួនចូលកាន់តំណែង។

នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នេះ នៅទីស្តីការក្រសួងយុត្តិធម៌ មានរៀបចំពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ឯកឧត្តម យូ ប៊ុនទ្បេង ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ រួមទាំងចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្ត្រីរាជការមួយចំនួនទៀត។

ឯកឧត្តម ច្រឹង ខ្មៅ អតីតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ត្រូវបានផ្ទេរមកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ជំនួសឯកឧត្តម កែវ សុធា ដែលត្រូវបានផ្ទេរឱ្យមកបម្រើការងារនៅក្រសួងយុតិ្តធម៌ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៦៩ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម ឃួង ស្រេង ក៏ដូចជាអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលកន្លងមកបានជួយគាំទ្រ និងផ្តល់កិច្ចសហការល្អចំពោះឯកឧត្តម កែវ សុធា ឲ្យអនុវត្តនូវតួនាទីខ្លួនដោយប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម ច្រឹង ខ្មៅ នឹងខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចឱ្យបានម៉ឹងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យរីកចម្រើនថែមមួយកម្រិតទៀត ជាពិសេសពង្រឹងកិច្ចសហការឱ្យបានកាន់តែល្អប្រសើរជាមួយសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់​ទាំងអស់ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដោយផ្អែកតាមតួនាទី និងភារកិច្ចដែលច្បាប់ប្រគល់ឱ្យរៀងៗខ្លួន និងសូមជូនពរ ឯកឧត្តម ច្រឹង ខ្មៅ ឱ្យទទួលបានជោគជ័យក្នុងភារកិច្ចនេះ ក្នុងមុខតំណែងជាព្រះរាជអាជ្ញាថ្មីនៅរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសដែរនេះ ដើម្បីលើកកម្ពស់គុណភាពនៃការកាត់ក្តីឱ្យបានត្រឹមត្រូវ និងយុតិ្តធម៌ ក៏ដូចជាលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំដល់ ឯកឧត្តម ច្រឹង ខ្មៅ ជាព្រះរាជអាជ្ញាថ្មីនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាឯកឧត្តម តាំង ស៊ុនទ្បាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ រួមទាំងអស់លោក លោកស្រីជា ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជានៅតាមសាលាជម្រះក្តីផ្សេងទៀតនៅទូទាំងប្រទេស ដូចខាងក្រោម៖
ទី១. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជាក្នុងការដឹកនាំអង្គភាពសាលាជម្រះក្តី។
ទី២. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ការកាត់ក្តីមួយប្រកបដោយអនាគតិ ក្នុងការធានាឱ្យបាននូវភាព យុតិ្តធម៌ ត្រឹមត្រូវ ជូនប្រជាពលរដ្ឋ ជាពិសេសគឺការវៀរចាកនូវអគិតធម៌ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលចៅក្រម ព្រះរាជអាជ្ញាទាំងអស់បានធ្វើសច្ចាប្រណិធាន នៅមុនពេលខ្លួនចូលកាន់តំណែង។
ទី៣. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រមខ្លួនឯង ហើយវាជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យ​យុត្តិធម៌”​។
ទី៤. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង​ នៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅនេះ ដោយអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមអភិក្រម “លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ”។
ទី៥. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការ និងមន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដោយត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹង​កិច្ចសហប្រតិបតិ្តការល្អជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានានូវដំណើរការល្អនៃស្ថាប័នតុលាការ ក៏ដូចជាប្រសិទ្ធភាពនៃការបម្រើសេវាយុតិ្តធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា “ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តពង្រឹងវិធានការវិន័យ ក្រមសីលធម៌ និងភាពស្អាតស្អំរបស់អង្គចៅក្រម ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត”។

អត្ថបទដែលជាប់ទាក់ទង