លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន៖ ជួប ជាមួយនារី និងមាតាជនជាតិភាគតិចសួយចំនួន ៤០០នាក់ នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជួយសំណេះ សំណាលជាមួយនារី សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងមាតា (ជនជាតិ ភាគតិចសួយ) នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រមាណចំនួន ៤០០នាក់ នាព្រឹកថ្ងៃអាទិត្យ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ។
ក្នុងឱកាសនេះ លោកជំទាវ ក៏បានផ្តាំផ្ញើសួរសុខ ទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកំពង់ស្ពឺ ដោយសម្តេចទាំងទ្វេរ តែងតែ គិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកជំទាវបានបន្តទៀតថា ៖ ពិធីនេះរៀបចំឡើងបានដោយសារប្រទេសមាន សុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺក៏ បានប្រែក្លាយពីតំបន់ដែលពោរពេញដោយសង្គ្រាម មកជាតំបន់ដែលមាន ការអភិឌ្ឍន៍ប្រកបដោយសក្តានុពល ប្រកបដោយភាពទាក់ទាញ់។ ការរីកចម្រើន ទាំងនេះ ក៏បានកើតចេញពីការចូលរួមចំណែករបស់ស្ត្រីគ្រប់លំដាប់ថ្នាក់ ហើយក្នុងនោះក៏មានស្ត្រី ខេត្តកំពង់ស្ពឺផងដែរ ។
លោកជំទាវក៏បានលើកឡើងអំពីការយកចិត្តទុក្ខ ដាក់បន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងការបន្តជម្រុញការអនុវត្តក្របខណ្ឌគោលនយោបាយ ជាតិគាំពារ សង្គម តាមរយៈ ការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធ សន្តិសុខសង្គមឲ្យកាន់តែមាន វិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ដើម្បីធានាការ លើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជា ជន ជាអតិបរិមា ជាពិសេស ការបានដាក់ឱ្យដំណើរ ការ នូវកម្មវិធីជំនួយសង្គមថ្មីមួយ ដែលជាកម្មវិធី ជំនួយសង្គមពិសេស ដែលមិនអចិន្ត្រៃយ៍ សំដៅជួយដល់ជនក្រីក្រដែលមាន ប័ណ្ណសមធម៌ (ក្រ-១និងក្រ-២) ក្នុងអំឡុងពេលកូវីដ-១៩ និងការអនុវកម្មវិធី គោល នយោបាយ ឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ ។
លោកជំទាវ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតែបន្តគោរព និងអនុវត្តឲ្យបាន ខ្ជាប់ខ្ជួននូវគោល ការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារ នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៃរលកទី២ ខណៈ ពិភពលោក កំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺកូវីដ-១៩ នេះ។
ក្នុងឱកាសនោះដែរ លោកជំទាវក៏ បានចែកអំណោយ សប្បុរសធម៏ ជូនដល់ស្ត្រី និងប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងកម្មវិធីនោះ មានជាអំណោយ សារ៉ុង១ក្រម៉ា១និងថវិកា៥ម៉ឺនរៀលក្នុងម្នាក់ៗផងដែរ៕ សំរិត