មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ
ខេត្តបន្ទាយមានជ័យ ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ បាក់ជើងស្តាំ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ០២ករណីដោយឡែកពីគ្នា នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ម៉ោង០៩យប់ តាមបណ្ដោយផ្លូវជាតិលេខ ៥៩ ចំណុចភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូក្នុងទិសដៅផ្ទុយគ្នា មុនពេលកើតហេតុមានរថយន្តម៉ាក ISUZU D-MAX ឆ្នាំ២០០១ ពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង 2A-4581 បើកបរទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក Honda Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1B-9044 បើកបរទិសដៅពីលិចទៅកើត បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ ឈ្មោះ ម៉ន ប៊ឺក ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរកម្មករ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តក្រោយពីកើតហេតុ បានរត់គេចខ្លួនបាត់ ។
ប្រភពដដែលបានបញ្ជាក់ថា ៖ នៅវេលាម៉ោង០៩និង១០នាទីយប់ ថ្ងៃដដែល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចជិតផ្ទះសំណាក់ប្រសើរ ស្ថិតក្នុងភូមិផ្សារកណ្តាល រវាងឡានដឹកទំនិញនឹងម៉ូតូ ដោយមុនដំបូងម៉ូតូជិះពីទិសខាងត្បូងទៅទិសខាងជើង មកដល់ចំណុចកើតហេតុម៉ូតូបានវាក់អឺឡានដឹកទំនិញកំពុងបត់ឆ្លងផ្លូវទៅទិសខាងលិច ក៏ចាប់ហ្វ្រាំងអួសប្រហែល១០០ម៉ែត្រ បណ្តាលអោយម៉ូតូបុកឡានដួលចូលទៅខាងក្រោមឡាន ត្រូវឡានកិនបាក់ជើងខាងស្តាំ ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រោះថ្នាក់ចរាចរណ៍ទាំង០២ករណីនេះ វត្ថុតាងឡាននិងម៉ូតូ ត្រូវបាននគរបាលជំនាញយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ ៕