កម្លាំងសមត្ថកិច្ចចុះបង្ក្រាបក្លឹបកម្សាន្ត «ហ្គោលឡាញ» ឃាត់ខ្លួនក្មេងស្ទាវៗជិត៣០០នាក់
ភ្នំពេញ៖ សមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួន និងបញ្ជូនក្មេងស្ទាវៗជិត៣០០នាក់ ក្លឹបកម្សាន្តយីហោ «ហ្គោលឡាញ»ដាក់រថយន្តរថយន្ត ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្លឹបកម្សាន្តយីហោ «ហ្គោលឡាញ»ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០។
ប្រតិបត្តិការបង្ក្រាបក្លឹបកម្សាន្តខាងលើនេះ គឺត្រូវបានធ្វើឡើងដោយគណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី តំណាង លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ។
ឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ថា “សត្វមមាចមិនខ្លាចភ្លើង អាចធ្វើឱ្យវិនាសខ្លួន ប៉ុន្តែការល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលនាពេលនេះ វាអាចធ្វើឱ្យវិនាសដល់អ្នកដទៃថែមទៀត។
ខ្ញុំសូមអរគុណដល់ក្រុមការងារ និងកងកម្លាំងទាំងអស់ដែលបានប្រឹងប្រែងរហូតដល់ម៉ោង ២ ទាស់ភ្លឺនេះ ចុះប្រតិបត្តិការបិទទីតាំងក្លឹបកម្សាន្តល្មើសនឹងបញ្ជារបស់រាជរដ្ឋាភិបាល”។
ឯកឧត្តម បានថ្លែងថា តាមគោលការណ៍ដឹកនាំរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ។ ការសម្រេចឈានទៅបិទក្លឹបកម្សាន្តនេះ គឺដោយសារតែក្លឹបនេះមិនស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលកំពុងទប់ស្កាត់ និងបង្ការវីរុសកូវីដ១៩ ដែលពុំទាន់ថមថយនៅឡើយ និងក៏ដូចទទួលយកតាមការសម្រមសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជ្ញាររងអម សាលាដំបូងរាជធានីភ្នំពេញ ផងដែរ៕