ថ្ងៃទី២៨ ខែកក្កដា ប្រទេសឥណ្ឌា មានមនុស្សស្លាប់ចំនួន ៦៣៦នាក់ ជាប្រទេសដែលមានមនុស្សស្លាប់ប្រចាំថ្ងៃច្រើនជាងគេ នៅលើពិភពលោក
ប្រទេសដែលមានមនុស្សស្លាប់ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោកដោយសារវីរុស Covid-19 ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ គឺប្រទេសឥណ្ឌា ដែលមានមនុស្សស្លាប់ចំនួន ៦៣៦នាក់ និងមនុស្សឆ្លងប្រចាំថ្ងៃចំនួន ៤៦,៤៨៤នាក់ ហើយសហរដ្ឋអាមេរិក មានមនុស្សឆ្លងថ្មីច្រើនជាងគេ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គឺអាមេរិកមានមនុស្សឆ្លងវីរុសនេះថ្មីចំនួន ៦០,០០៣នាក់ និងមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន ៥៦៧នាក់ ដែលនេះបើយោងតាម Worldometer ។
ប្រភពដដែលបានបន្តថា វីរុស Covid-19 បានសម្លាប់មនុស្សអស់ជិត ៤ពាន់នាក់ គឺចំនួន ៣,៩៧៩នាក់ និងឆ្លងទៅមនុស្សថ្មីជាង ២១ម៉ឺននាក់ គឺចំនួន ២១១,៣១៨នាក់ នៅជុំវិញពិភពលោក ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃអង្គារនេះដែរ។
សូមបញ្ជាក់ជូនថា មនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃអង្គារនេះ បានកើនឡើងដល់ ១៦,៦២៨,៩៤២នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ ៦៥៥,៨៦២នាក់ ខណៈមនុស្សដែលជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ ១០,២១៧,៣១១នាក់៕