សិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ
កណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ាអភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា សិក្ខាសាលានេះគឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះខេត្តកណ្ដាលនាពេលនេះមានសហគ្រាសធុនតូច និងមធ្យមជាច្រើន ដែលកំពុងត្រូវការនូវចំណេះដឹងថ្មីៗបន្ថែមទៀត និងការជួយជ្រោមជ្រែងពីអ្នកជំនាញ ដោយសារ ពួកគាត់នៅមានចំណុចខ្វះខាតទាំងផ្នែកបច្ចេកទេសទីផ្សារក៏ដូចជាធនាគារហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់និងអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគាត់ឲ្យឈានទៅមុខ។
ឯកឧត្តមបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ នៅសាលាខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ខេត្ត និងម្ចាស់អាជីវកម្មជាច្រើនរូប។
ឯកឧត្តមបាន លើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្រេបយកនូវចំណេះដឹងពីអ្នកជំនាញក្នុងសិក្ខាសាលានេះ ដើម្បីបង្កើនការយល់ដឹង និងរៀបចំខ្លួនឲ្យសមស្របនិងនីតិវិធីក្នុងការទទួលបានហិរញ្ញប្បទានពីធនាគារ ជាពិសេសកម្ចីពីធនាគារសហគ្រាសធុនតូច និងមធ្យម( SME Bank)។
ក្នុងឱកាសនោះដែរ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថាដោយមើលឃើញថាសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា យ៉ាងច្រើនដែលត្រូវការចំណេះដឹងថ្មីៗ និងការជួយជ្រុំជ្រែងបន្ថែមទៀតទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ក៏ដូចជាធនាគារអារញ្ញវត្ថុ ដើម្បីទ្រទ្រង់អាជីវកម្មរបស់ពួកគាត់ ទទួលបានជោគជ័យ ទើបមានការរៀបចំសិក្ខាសាលា ស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ នេះឡើយ។
លោកឧកញ៉ាបានបញ្ជាក់ថា ក្នុងសិក្ខាសាលានេះ គឺមានការសហការជាមួយធនាគារឯកទេសវីង ធនាគារព្រីនស៍ អង្គការតម្លាភាពកម្ពុជា ក្រុមហ៊ុន metfone ក្រុមហ៊ុន BS land and home និង ក្រុមហ៊ុន pvc ក្នុងការធ្វើបទបង្ហាញជូនដល់អ្នកចូលរួមទាំងអស់ អំពីគន្លឹះ បទពិសោធន៍ និងយុទ្ធសាស្ត្រល្អៗក្នុងការអភិវឌ្ឍអាជីវកម្មឲ្យឈានទៅរកភាពជោគជ័យ សម្រាប់សហគ្រាសធុនតូច និងមធ្យម។