ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាដឹកជញ្ជូនអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

238

 

លោកទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រើប្រាស់សេវានាវាដឹកជញ្ជូន អ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ចំណេញពេលវេលា ដោយហេតុថាគ្រប់ចំណតនាវាទាំងអស់ បានតភ្ជាប់ទៅនឹងស្ថានីយ៍រថយន្តក្រុង ដែលបង្កភាពងាយស្រួល ក្នុងការប្ដូរមធ្យោបាយធ្វើដំណើរ។

ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាវាដឹកជញ្ជូនអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ លោកគ្រួអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

ថ្លែងនៅក្នុងរបាយការណ៍ជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ ការបង្កើតឱ្យមានសេវានេះមានគោលបំណងដើម្បីពង្រីកវិស័យដឹកជញ្ជូនឱ្យមានច្រើនជម្រើស ពន្លឿនការដឹកជញ្ជូន កាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ និងប្រើឱ្យអស់លទ្ធភាព និងសក្ដានុពលនៃទន្លេនៅក្នុងប្រទេស។

លោក ទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា៖ នាវាដឹកជញ្ជូនអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ត្រូវឆ្លងកាត់ចំណតនាវា ចំនួនប្រាំរួមមាន៖ ចំណតឫស្សីកែវ ចំណតផ្សារចាស់ ចំណតចតុមុខ ចំណតច្បារអំពៅ និងចំណតក្រុងតាខ្មៅ។

សូមបញ្ជាក់ជូនថា បច្ចុប្បន្ន មាននាវាចំនួន៤គ្រឿងបានកំពុងប្រតិបត្តិការ ដែលនាវានីមួយៗអាចផ្ទុកអ្នកដំណើរចន្លោះពី៥៤នាក់ទៅ៦០នាក់ បើកបរក្នុងល្បឿន៤០គីឡូម៉ែត្រ ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ៦:៣០ នាទីល្ងាច ជារៀងរាល់ថ្ងៃ ពីចំណតដើមដល់ចំណតចុងប្រើរយៈពេលតិចជាង១ម៉ោង។

គួររំឭកផងដែរថា៖ ចាប់តាំងពីថ្ងៃដាក់ឱ្យប្រតិបត្តិការជាបណ្ដោះអាសន្ននៅ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកប្រើប្រាស់សេវានេះចំនួន ៣០ ៦៤៧នាក់ គិតជាមធ្យម ២០០នាក់ក្នុង១ថ្ងៃ លើសពីនេះទៀត អ្នកប្រើប្រាស់សេវានេះ ទាំងជាតិនិងអន្តរជាតិបានសម្តែងសេចក្តីសាទរចំពោះសមិទ្ធផលដ៏ថ្មីស្រឡាងមួយនេះរបស់ប្រទេសជាតិ។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គម្រោងសេវាដឹកអ្នកដំណើរតាមនាវាជាច្រើនត្រូវបានចាប់បដិសន្ធិឡើងដែលក្នុងនោះរួមមាន៖ ការសិក្សាផែនការមេដឹកអ្នកដំណើរតាមនាវាពីភ្នំពេញទៅខេត្តក្រចេះត្រូវបានបញ្ចប់ និងគម្រោងសេវាដឹកអ្នកដំណើរជាបន្តទៀតគឺ គម្រោងទន្លេសាប (ព្រែកព្នៅ ពញ្ញាឭ) ទន្លេបាសាក់ (ស្អាង) ទន្លេមេគង្គលើ (ស្ពានព្រែកតាមាក់) និងទន្លេមេគង្គក្រោម (ដីឥដ្ឋ) ជាដើម។

លោក ទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ បន្ទាប់ពីសម្ពោធដាក់ឪ្យប្រើប្រាស់ជាផ្លូវការ ក្រសួងសាធារណការ និងដឹកជញ្ជូននឹងប្រគល់ជូនទៅសាលារាជធានីភ្នំពេញដើម្បីគ្រប់គ្រង និងប្រតិបត្តិការសេវានេះ។

 

 

 

អត្ថបទដែលជាប់ទាក់ទង