ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ព្រមានអនុវត្តវិធានការរដ្ឋបាល ចំពោះសំណង់អត់ច្បាប់ និងខុសប្លង់អនុញ្ញាត

80

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានធ្វើការព្រមានថា នឹងចាត់វិធានការរដ្ឋបាល ចំពោះសំណង់ខុសប្លង់អនុញ្ញាត ដែលអាចបង្កហានិភ័យដល់មនុស្ស ហើយអាជ្ញាធរខណ្ឌ និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការគ្រប់ការដ្ឋានសំណង់ដែលបានសាងសង់ឡើងដោយគ្មានច្បាប់ និងមានច្បាប់ហើយ តែការសាងសង់ខុសពីច្បាប់ដែលបានអនុញ្ញាត។

   ការព្រមានរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសំណង់នៅក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពី អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឲ្យសំណង់នៅរាជធានីភ្នំពេញ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ជៀសវាងនូវហានិភ័យផ្សេងៗ។

  លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថាការសង់សំណង់ខុសច្បាប់អនុញ្ញាតិ ត្រូវហាមឃាត់ និងមានវិធានការរដ្ឋបាល ដោយ មិនត្រូវទុកឲ្យ មានការភ័យកើតឡើងបង្កហានិភ័យ ប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។

    លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកគាំទ្រជានិច្ចចំពោះការបើកការដ្ឋានអោយសាងសង់សំណង់ផ្សេងៗ ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើន ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ មិនគាំទ្រចំពោះសំណង់គ្មានច្បាប់និងសំណង់ដែលធ្វើខុសប្លង់អនុញ្ញាតនោះដែរ។

   ដោយឡែក ចំពោះសំណង់ដែលមានអាយុកាលចាស់ទ្រុឌទ្រោម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ពិសេសត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋដែលលក់ដូរនៅក្រោមអគារចាស់ៗនិងអ្នកស្នាក់នៅអាគារចាស់នៅក្នុងរាជធានីភ្នំពេញ ឲ្យអោយពួកគាត់ ប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ជៀស វាងមានហានិភ័យអ្វីកើតឡើង បន្ទោសអាជ្ញាធរ ថាមិនបានយកចិត្តទុកដាក់ចំពោះរពួកគាត់ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗទាំងនេះ ជាមួយនឹងការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថា ការរស់នៅក្នុងអគារចាស់ៗទាំងនេះ មានហានិភ័យខ្ពស់ណាស់

   គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានសំណង់អគារចាស់ទ្រុឌទ្រោមចំនួន២៤៥ទីតាំង ដែលបាននឹងកំពុងបង្កហានិភ័យខ្ពស់ទាំងអ្នកស្នាក់នៅនិងអ្នកឆ្លងកាត់អគារទាំងនេះ៕

 

អត្ថបទដែលជាប់ទាក់ទង