ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួប​ ឯកឧត្តម មីកាមី ម៉ាសាហុីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

88

ព្រះសីហនុ ៖ ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម​គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ទទួល​ជួប ឯកឧត្តម មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក្នុងឱកាស​ដែល​ឯកឧត្តម ឯកអគ្គរាជទូត បំពេញ​ទស្សនកិច្ច ការងារ​នៅ​ខេត្ត​ព្រះសីហនុ ជំនួប​នេះ​ផ្តោតជាសំខាន់​ទៅលើ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ កម្ពុជា ជប៉ុន ក្នុងនោះ​ឯកឧត្តម អភិបាលខេត្ត​ក៏បាន​ជម្រាបជូន​ប្រតិភូ​អំពី​ការអភិវឌ្ឍ​ក្នុង​ខេត្ត​ព្រះសីហនុ លើ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ឯកឧត្តម អភិបាលខេត្ត ក៏បាន​ជម្រាប​ពី​ជំនួយ​របស់​ប្រទេស​ជប៉ុន​ជួយ​ដល់​កម្ពុជា រួមមាន​ការជួយ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ជាដើម នេះ​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​របស់​ជប៉ុន​នៅ​កម្ពុជា​ផងដែរ​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាន​គាំទ្រ​ការអភិវឌ្ឍ​នៅ​កម្ពុជា ជាពិសេស​នៅក្នុង​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ​។
​ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​បន្តថា ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ទេសចរណ៍ ហើយ​ការអភិវឌ្ឍន៍ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បានធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង ដែលមាន​វិស័យ​សំខាន់ៗ​ដូចជា វិស័យ​សំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និង​ទេសចរណ៍​។ ខេត្ត​មាន​កំពង់ផែ​អន្តរជាតិ​ទឹក​ជ្រៅ ព្រលានយន្តហោះ​អន្តរជាតិ ផ្លូវដែក និង​ផ្លូវគោក​ជាដើម​។

​ឯកឧត្តម​បន្តទៀតថា តាម​លទ្ធភាព​ឆ្នាំនេះ​រដ្ឋបាលខេត្ត​មាន គម្រោង​ស្តារ​ប្រព័ន្ធ​អូរ ប្រឡាយ​ក្នុង​ក្រុងព្រះសីហនុ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង ហើយ​យើង​ក៏មាន​បំណង​ចង់ ចាក់​បេតុង​ជើងទេ​តាម​អូរ ប្រឡាយ តែ​មិនទាន់មាន​ថវិកា​គ្រប់គ្រាន់​។​
​ជាមួយគ្នានេះ​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ស្នើសុំ​ដល់​ឯកឧត្តម​អគ្គរាជទូត​ជប៉ុន ជួយ​គាំទ្រ​គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​នៅក្នុង​ក្រុងព្រះសីហនុ និង​ជួយ​សាងសង់​មណ្ឌល​សុខភាព​នៅ​រាម និង​នៅ​កោះរ៉ុង តាមរយៈ​កម្មវិធី​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ផងដែរ​។​

​ឯក​ឧ​ត្ត​អភិបាលខេត្ត​បាន​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​លើ​គ្រប់​វិស័យ ក៏ប៉ុន្តែ​មិនទាន់​ទំនើប ក្នុងនោះ​រាជរដ្ឋាភិបាល បាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​រាជធានី​ភ្នំពេញ មក​ខេត្ត​ព្រះសីហនុ ផ្តល់​ភាពអនុគ្រោះ​ដល់​វិស័យ​ទេសចរណ៍ និង​វិនិយោគ​នៅពេល​ខាងមុខ​ផងដែរ​។​

​ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​ឯកឧត្តម​មក​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ឯកឧត្តម​បាន​ឡើងកាន់តំណែង ជា​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ កាលពីរ​ឆ្នាំមុន ឯកឧត្តម ក៏​បានមក​ភ្នំពេញ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន ហើយ​មកដល់​បច្ចុប្បន្ន កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​យ៉ាងខ្លាំង និយាយ​រួម​គឺ​ខេត្ត​ព្រះសីហនុ តែម្តង​ចាប់តាំងពី​ឯកឧត្តម គួច ចំរើន បាន​ឡើងជា​អភិបាលខេត្ត​ព្រះសីហនុ​នេះ​មក​។ ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​ន៍​យ៉ាង​កំ​ហុក ថ្វីត្បិតតែ​ពិភពលោក​កំពុងមាន ជំងឺ​កូ​វីដ​-១៩ ឆ្លង​រីក​រាលដាល​យ៉ាងណា​ក៏ដោយចុះ​។​

​ឯកឧត្តម MIKAMI MASAHIRO បាន​បន្តទៀតថា​កម្ពុជា​ឆ្លងកាត់​សង្គ្រាម​ជាច្រើន​ឆ្នាំ មកដល់ពេលនេះ​សម្រេចបាន​នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ ពិសេស ខេត្ត​ព្រះសីហនុ មាន​អគារ​ខ្ពស់ៗ​ជាច្រើន​កន្លែង​កំពុងមាន​ការអភិវឌ្ឍ​ខ្លាំង​គួរឱ្យ​ចាប់អារម្មណ៍ មាន​កំពង់ផែ ដែលមាន​សក្តានុពល​អ​ភិ​វឌ្ឍន៍​ប្រទេស​កម្ពុជា​ឱ្យមាន​កា​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ រាជរដ្ឋាភិបាល​ជប៉ុន មាន​កិច្ចសហប្រតិបត្តិការ​ល្អ ពិសេស​ជាមួយ​កម្ពុជា និង​ប្រជាជន​ជប៉ុន ដែល​មករក​ស៊ី​នៅ​ខេត្ត​ព្រះសីហនុ រងគ្រោះ​ដោយសារ​ការ​រលំ​បាក់​អគារ​កាលពី​កន្លងមក ហើយ​រដ្ឋបាលខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ដោះស្រាយបាន​ទាន់ពេលវេលា​។​

​ឯកឧត្តម ឯកអគ្គរាជទូត​ជប៉ុន ចង់ដឹង​ពី​ការអភិវឌ្ឍ​ខេត្ត លើ​បញ្ហា​ផ្លូវទឹក ប្រព័ន្ធ​លូ ទឹកស្អុយ ភ្លើង​បំភ្លឺ​ផ្លូវ និង មាន​គម្រោង​អភិវឌ្ឍន៍​ខេត្ត​បែបណា ហើយ​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន បាន​ថ្លែងអំណរគុណ រដ្ឋបាលខេត្ត​ដែល​បាន​សហការ សម្របសម្រួល​ក្នុង​ការចូល​ចត​របស់​នាវា​កងទ័ព​ជើង​ទឹក​ជប៉ុន នៅ​ខេត្ត​ព្រះសីហនុ ដែល​គ្រោង​នៅ​ខែសីហា តែ​នាវា​នេះ​អាក់ខាន​មិនបាន​ចូល​ចត​នោះទេ ដោយសារ​មាន​ជំងឺ​កូ​វីដ​-១៩ កំពុង​ឆ្លង​រាលដាល​ខ្លាំង នៅ​ពាសពេញ​ពិភពលោក តែ​ទោះជា​យ៉ាងណាក៏ដោយ នៅពេល​ខាងមុខ​នឹងមាន​នាវា​ជាច្រើន​ទៀត​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​។ ឯកឧត្តម ក៏បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ខេត្ត​ព្រះសីហនុ ដល់​ប្រជាជន​ជប៉ុន ដើម្បី​ស្វែង​ឱកាស​វិនិយោគ និង​ដើរ​ទេសចរណ៍​កំសាន្ត នៅក្នុង​ខេត្ត​ដែលមាន​សក្តានុពល​ខាង​វិស័យ​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​៕

អត្ថបទដែលជាប់ទាក់ទង