ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋខ្មែរចំនួន៧៩នាក់ ត្រឡប់ពីប្រទេសហ៊្សកដានី ឥណ្ឌា និងប៉ាគីស្ថាន មកដល់កម្ពុជាវិញ

108

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋខ្មែរចំនួន៧៩នាក់ បានវិលត្រឡប់មកពីប្រទេសហ្ស៊កដានី, ឥណ្ឌា និងប៉ាគីស្ថាន ចូលមកដល់កម្ពុជាវិញ តាមជើងហោះហើរចំនួន២ផ្សេងគ្នា។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ដោយមានកិច្ចខិតខំប្រឹងប្រែង និងសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ពលករខ្មែរចំនួន២៨នាក់ និងទារក១នាក់ ដែលត្រូវបានរោងចក្រវាយនភណ្ឌចំនួន២ (Vega Textile Co., Ltd. និង Camel Textile International Corporation) នៅប្រទេសហ៊្សកដានី បញ្ឈប់កិច្ចសន្យាការងារ ដែលពួកគាត់នឹងធ្វើដំណើរចេញពីប្រទេសហ៊្សកដានី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨និង១៥ព្រឹក តាមជើងយន្តហោះលេខ 8M1105។ ពលករខ្មែរចំនួន២៨នាក់នេះ គឺស្ថិតក្នុងចំណោមពលករខ្មែរសរុបចំនួន៨៣ ដែលកំពុងធ្វើការងារនៅក្នុងរោងចក្រទាំងពីរខាងលើ។

នៅព្រឹកថ្ងៃនេះផងដែរ ពលរដ្ឋកម្ពុជាចំនួន៥០នាក់ មកពីប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន ធ្វើដំណើរត្រឡប់មកកម្ពុជា ឆ្លងកាត់ប្រទេសម៉ាឡេស៊ី តាមជើងយន្តហោះពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី លេខ MH754 ដែលនឹងចេញដំណើរ ពីទីក្រុងគូឡាឡាំពួ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ហើយនឹងទៅដល់ទីក្រុងភ្នំពេញ នៅវេលាម៉ោង១០ព្រឹក។

សូមបញ្ជាក់ថា ពលរដ្ឋខ្មែរខ្មែរទាំងនោះពេលវិលត្រឡប់ មកដល់ទឹកដីកំណើតវិញ នឹងធ្វើចត្តាទ្បីស័ករយៈពេល 14 ថ្ងៃមុននឹងអនុញ្ញាតឲ្យទៅ ជួបជុំក្រុមគ្រួសារសាច់ញាតិរបស់ពួកគាត់៕

 

អត្ថបទដែលជាប់ទាក់ទង