ក្រសួងទេសចរណ៍ ចាប់ផ្តើមបើកដំណើរការ កញ្ចប់ទស្សនកិច្ចកម្សាន្ត ក្នុងតម្លៃពិសេសទៅកាន់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងការីទេសចរណ៍ជាច្រើន នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានសហការគ្នារៀបចំជាកញ្ចប់ទស្សនកិច្ចកម្សាន្តទៅកាន់ខេត្តសៀមរាប និងតំបន់ផ្សេងៗ រួមនឹងការផ្សព្វផ្សាយមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាខ្មែរ នៅខេត្តសៀមរាប ក្នុងតម្លៃពិសេសដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិត ការទស្សនាកន្លែងដែលថ្មីៗ ជាមួយនឹងមគ្គុទ្ទេសក៍ទេសចរណ៍ និងការទទួលទានម្ហូបអាហារដ៏មានឱជារស គួរជាទីគាប់ចិត្ត នៅក្នុងបរិយាកាសដ៏ល្អសាកសមបំផុតក្នុងដំណើរកម្សាន្តផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ ឯកឧត្ដម ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ បានបញ្ជាក់ថា គោលដៅសំខាន់នៃកញ្ចប់ទស្សនកិច្ចកម្សាន្តនេះ គឺដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ធ្វើដំណើរកម្សាន្តតាមរយៈកញ្ចប់ទស្សនកិច្ច ដែលបង្កើតជាតម្លៃនៃដំណើរកម្សាន្ត បទពិសោធន៍ថ្មី និងធានាបាននូវសុវត្ថិភាពជូនទេសចរណ៍ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ពិសេសត្រៀមទទួលទេសចរ ក្នុងអំឡុងពេលឈប់សម្រាកការងារពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខ។
ឯកឧត្ដម ឈុន មករា បានបន្ថែមថា នៅក្នុងដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ គឺជាដំណើរកញ្ចប់ទស្សនកិច្ចលំដាប់ផ្កាយ៥ ដោយអ្នកទេសចរទាំងអស់ អាចសម្រាកនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ នៅក្នុងតម្លៃយ៉ាងពិសេសបំផុតដែលមិនធ្លាប់មានពីមុនមក ដែលគោលដៅនៃដំណើរកម្សាន្តនេះ គឺផ្តោតសំខាន់ទៅលើខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា។
ឯកឧត្ដម ឈុន មករា បានបន្ថែមទៀតថា កញ្ចប់ទស្សនកិច្ចកម្សាន្តពិសេសនេះជាទស្សនកិច្ចដែលបានរៀបចំទុកជាមុន និងជាទីទំនុកចិត្តសម្រាប់អ្នកទេសចរក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ដែលមានទាំងកញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃ និងរយៈពេល៣ថ្ងៃ ហើយកញ្ចប់ទស្សនកិច្ចនេះក៏ធ្វើសម្រាប់អ្នកដែលមានចំណូល តិច និងចំណូលមធ្យមក៏អាចចូលរួមបានផងដែរ។
ក្រសួងទេសចរណ៍ក៏សូមអំពាវនាវឱ្យអាជីវកម្មទេសចរណ៍ទាំងអស់សូមមេត្តាយោគយល់លើការកំណត់តម្លៃសេវាកម្មឱ្យបានសមរម្យ និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ដើម្បីបង្កើតមុខមាត់ថ្មីដល់វិស័យទេសចរណ៍កម្ពុជាដែលជាគោលដៅមានសុវត្ថិភាព និងប្រកបដោយភាពកក់ក្តៅ ពិសេសត្រូវត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងអំឡុងថ្ងៃឈប់សម្រាកខាងមុខ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋគាំទ្រដល់មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាខ្មែរ នៅខេត្តសៀមរាប ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍មិនមែនសម្រាប់តែទេសចរបរទេសនោះទេ ។
ឯកឧត្ដម ឈុន មករា តំណាងឱ្យក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណដល់ការីទេសចរណ៍ដែលមាន Beltei Tour, Charming (Cambodia), Khmer Selfie Tours, MYT Tours, Nelin Star, World Express និង Loro Asia Tours ដែលបានផ្តល់កិច្ចសហការបញ្ចុះតម្លៃកញ្ចប់ពិសេសសម្រាប់ទាក់ទាញទេសចរផ្ទៃក្នុងទៅកាន់ខេត្តសៀមរាប និងខេត្តផ្សេងៗ និងសណ្ឋាគារលំដាប់ផ្កាយ៥ ដូចជា Meridien. Angkor, Regency Angkor និង Empress Angkor ដែលបានផ្តល់តម្លៃពិសេសក្នុងកញ្ចប់ទស្សនកិច្ចនេះផងដែរ៕