ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជារំពឹងថាការអនុវត្តគោលការណ៍ Travel Bubble អាចទទួលបានភ្ញៀវអន្តរជាតិដែលធានាសុវត្ថិភាពបណ្តើរៗឡើងវិញ

77

 

ភ្នំពេញ​ ៖ ក្រសួងទេសចរណ៍ នា​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ជួបប្រជុំគ្នា​ជាមួយ​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​មួយចំនួន​នៅ​កម្ពុជា ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ទទួល​វត្តមាន ភ្ញៀវទេសចរ​អន្តរជាតិ​បណ្ដើរៗ​ឡើងវិញ ដែល​ធានា​ជាដាច់ខាត​នូវ​សុវត្ថិភាព​ពី​ជំងឺ COVID-19​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​មុន​ឈានដល់​កិច្ចប្រជុំ​នេះ ក្រសួងទេសចរណ៍​បានរៀបចំ​សេចក្តីព្រាង​គោលការណ៍​ណែនាំ​ស្តីពី ការធ្វើដំណើរ​ដោយ​កន្លែង Travel Bubble or One way Closed-loop Charted Plane នៅ​កម្ពុជា​រួចហើយ​ផងដែរ​។​

​តាមរយៈ​កិច្ចប្រជុំ​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែងថា ក្រសួងទេសចរណ៍​នឹង​ពិគ្រោះ​ជាមួយ​អ្នកជំនាញ និង​ក្រសួង​
​សុខាភិបាល ដើម្បី​រៀបចំ​គម្រោង​គោលការណ៍​ធ្វើដំណើរ​ដោយ​កន្លែង ឬ​ហៅថា Travel Bubble ដើម្បី​រៀបចំ​កញ្ចប់​ទេសចរណ៍​ទទួលភ្ញៀវ​ទេសចរ​អ​ន្ត​រ​ជាតិ ដែលមាន​ការគ្រប់គ្រង​ត្រឹមត្រូវ​ពី​បណ្តា​តំបន់ ឬ​ប្រទេស​ដែលមាន​សុវត្ថិភាព​ពី COVID-19​។​

ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្តថា អំឡុង​ពេលដែល​ពិភពលោក​កំពុង​ជួប​ការ​រាតត្បាត​ជំងឺ COVID-19 នេះ​បានធ្វើឱ្យ​កម្ពុជា​បាននិងកំពុង​ជួប​ការប៉ះពាល​ជាខ្លាំង​ដល់​វិស័យ​ទេសចរណ៍ និង​បានធ្វើឱ្យ​អាជីវកម្ម​ធំៗ​នៅក្នុង​វិស័យ​ទេសចរណ៍​ជាង ៣.០០០
​អាជីវកម្ម បាន​បិទទ្វារ ហើយ​មួយចំនួនទៀត​ក៏​ផ្អាក​អាជីវកម្ម​។ ប្រការនេះ​ធ្វើឱ្យ​បាត់បង់​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ជាង ៥០.០០០
​នាក់ ដោយសារ​មិនមាន​ភ្ញៀវ​អន្តរជាតិ​ចូលមក​ទស្សនា​កម្ពុជា​។​

​ឯកឧត្ដម​បណ្ឌិត ថោង ខុន បាន​បន្តទៀតថា សម្រាប់​ការ​គោលការណ៍​បើក​ការធ្វើដំណើរ​ដោយ​កន្លែង ឬ​របៀង​នៃ​ការធ្វើដំណើរ គឺ​កម្ពុជា​ធ្វើឡើង​សំរាប់​ទទួល​តែ​ភ្ញៀវទេសចរ​អន្តរជាតិ​ពី​តំបន់​មាន​សុវត្ថិភាព​ពី COVID-19 ពី​ក្រៅប្រទេស​មកកាន់​តំបន់​មាន​សុវត្ថិភាព​ពី COVID-19 នៅ​កម្ពុជា ហើយ​ប្រសិនបើ​ផែនការ​នេះ​ធ្វើបាន​ជោគជ័យ គឺអាច​ជំរុញ​ឱ្យ​កម្ពុជា​កសាងបាន​នូវមាន​ទំនុកចិត្ត​នៃ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ ជំរុញ​ការស្តារ​អាជីវក​ម្មទេស​ចរណ៍​មាន​​ដំណើរការ​ជា​បណ្តើរៗ​ឡើងវិញ ជួយ​បង្កើត​ការងារ​សម្រាប់​អ្នក​បាត់បង់​ការងារ​ដោយសារ COVID-19 និង​ធានា​ជំរុញ​កំណើនសេដ្ឋកិច្ច​ផងដែរ​។​

​ទន្ទឹមនឹង​ការជំរុញ​ឱ្យមាន​ការបើក​ការធ្វើដំណើរ​ដោយ​កន្លែង​នេះ ដើម្បី​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​មក​កម្ពុជា ឯកឧត្ដម​បណ្ឌិត ថោង ខុន ក៏បាន​ជំរុញ​ឱ្យ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​នានា សណ្ឋាគារ ផ្ទះ​ស្នាក់ និង​អាជីវកម្ម​នានា​នៅ​កម្ពុជា គឺ​ត្រូវខិតខំ​ថែរក្សា​ភាព​អនាម័យ​ឱ្យបាន​ល្អប្រសើរ ដើម្បី​ផ្តល់​សេចក្តី​ទំនុកចិត្ត​ខ្ពស់​ជូន​ភ្ញៀវទេសចរ​អន្តរជាតិ​។​

​ឯកឧត្ដម​បានបញ្ជាក់​ថា សម្រាប់​ការទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​តាមបែប Travel Bubble នេះ គឺ​កម្ពុ​ជាមាន​ក្តី​រំពឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​តែ​លើ​ប្រភេទ​ភ្ញៀវទេសចរ​ចូលនិវត្តន៍ និង​ភ្ញៀវ​អ្នកមាន​អ្នកមាន​ជាដើម ជា​
​ពិសេស​ភ្ញៀវទេសចរ​អន្តរជាតិ​នៅតាម​តំបន់​មាន​សុវត្ថិភាព​នៅក្នុង​តំបន់​អាស៊ាន និង​អាស៊ាន​បូក​៣ ដែល​ត្រូវជា​គោលដៅ​សិក្សា​ជាបឋម និង​ត្រូវ​ធ្វើជា​ដំណាក់កាលៗ ដោយ​ត្រូវមាន​ការឯកភាព​ពី​ក្រសួង​
​សុខាភិបាល និង​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​។​
​ឯកឧត្ដម​ថា ទោះយ៉ាងណា​
​ក៏ដោយ សម្រាប់​ការទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ដោយ​កន្លែង Travel Bubble នេះ​អាចអនុវត្ត​ទៅបាន​លុះ​ណា​មានការ​ឯកភាព​គាំទ្រ​ពី​ក្រសួង​
​សុខាភិបាល និង​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង