ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​បំបែកសំណុំរឿង ឃាតកម្ម​សម្លាប់​បុរស​ពីរ​នាក់ នៅ​ស្រុក​កូន​មុំ ខេត្តរតនគិរី បាន​ដោយ​ជោគជ័យ​

70

 

​ខេត្តរតនគិរី ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​បុរស​ពីរ​នាក់ នៅ​ស្រុក​កូន​មុំ ខេត្តរតនគិរី បាន​ដោយ​ជោគជ័យ នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២០​នេះ ដែល​ករណី​ឃាតកម្ម ស្ថិតនៅក្នុង​ក្រុមហ៊ុន​ហ​ង័​អាន់​យ៉ា​ឡាយ​ចំការចេក ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​សេរី​មង្គល ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

​ប្រតិបត្តិការ​នេះ ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គ​ស្នងការរង​ទទួល​ផែន និង​ចង្អុលបង្ហាញ​យ៉ាង​យកចិត្តទុកដាក់​ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឲ្យ​កម្លាំង​ជំនាញ​បើក ការស្រាវជ្រាវ​បន្ទាន់​ក្រោយ​កើតហេតុ​។​

​ក្រោយ​ទទួលបាន​បទបញ្ជា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ កម្លាំង​នគរបាល​ខេត្តរតនគិរី​, ត្បូងឃ្មុំ និង​កម្លាំង​នគរបាល​ខេត្ដ​ក្រចេះ តាំងពី​ថ្ងៃកើតហេតុ រហូត​ចាប់ខ្លួនបាន​ជនដៃដល់​នៅ​ចំណុច​ជាំ​ភឹង ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​។​

​ជនដៃដល់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ សេត លី បាន​សារភាពថា ជនរងគ្រោះ​ទាំងពីរ​នាក់ (​បងថ្លៃ ប្អូនថ្លៃ​) ដែល​ខ្លួន​ចាក់​សម្លាក់ មាន​ម្នាក់​ជា​សា​ហាយ​ស្មន់​ជាមួយ ប្រពន្ធ​របស់ខ្លួន ហើយ​នៅ​ថ្ងៃកើតហេតុ ខ្លួន​បានឃើញ​ប្រពន្ធ និង​ជនរងគ្រោះ​កំពុង​ដេក​ជាមួយគ្នា​។ ជនរងគ្រោះ​ទី​១៖​ឈ្មោះ បាក់ ណាន (​សា​ហាយ​ជាមួយ​ប្រពន្ធ​ជនដៃដល់​) និង​ទី​២៖​ឈ្មោះ គឹម សារឿន (​បងថ្លៃ ឈ្មោះ បាក់ ណាន​)​។​

​បើតាម​ចម្លើយសារភាព ដោយ​ចិត្ត​ខឹង​ទ្រាំ​មិនបាន​ប្រហែល​ម៉ោង​៨​យប់ ថ្ងៃកើតហេតុ​ពេល​ជនរងគ្រោះ និង​បងថ្លៃ កំពុង​ដើរ​ឆ្លុះ​កង្កែប ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​កាក់​ពីមុខ​ដើម្បី​សួរនាំ ហើយក៏​ដក​កាំបិត​ចាក់​ចំ​បំពង់ក​តែម្ដង​។ ពេលនោះ បងថ្លៃ​របស់​ជនរងគ្រោះ​ឃើញ​ក៏​រត់គេច ប៉ុន្ដែ​ខ្លួន​ក៏​ស្ទុះ​ទៅ​ចាក់ និង​អា​រក​បន្ថែមទៀត រហូត​ស្លាប់​ទាំងពីរ​នាក់ នៅក្នុង​ថ្លុកឈាម​។ ក្រោយ​ធ្វើ​សកម្មភាព ខ្លួន​បានរ​ត់ទៅ​ស្រុកកំណើត នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​សូមជម្រាបថា នៅ​យប់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ មាន​ករណី​ឃាតកម្ម​កើតឡើង ស្ថិតនៅក្នុង​ក្រុមហ៊ុន​ហ​ង័​អាន់​យ៉ា​ឡាយ​ចំការចេក ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​សេរី​មង្គល ស្រុក​កូន​មុំ ខេត្តរតនគិរី​។ រហូតដល់​ថ្ងៃទី​២៤ ខែកក្កដា ទើប​មានការ​ភ្ញាក់ផ្អើល​ដល់ក​ម្លាំ​ង​សមត្ថកិច្ច​ថា មាន​មនុស្ស​ដេក​សម្លាប់​នៅក្នុង​ចំការចេក ហើយ​កម្លាំង​ជំនាញ​បើក​ការ ស្រាវជ្រាវ​តែម្ដង​។​

​បច្ចុប្បន្ន​ជនដៃដល់​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានប្រគល់​ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ប្រគល់​បន្ដ​ឲ្យ​ស្នងការដ្ឋាន​នគរបាល ខេត្តរតនគិរី ដែលជា​ម្ចាស់​ករណី ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង