កិច្ចប្រជុំសម្របសម្រួលការងារ បោសសម្អាតមីន សម្រាប់ខេត្តដែលរងផលប៉ះពាល់ខ្ពស់ ដោយសារមីន
(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ខ្ញុំបានដឹកនាំកិច្ចប្រជុំដើម្បីសម្របសម្រួលការងារបោសសម្អាតមីនសម្រាប់ខេត្តចំនួន៧ ដែលរងផលប៉ះពាល់ខ្ពស់ដោយសារមីន រួមមាន ខេត្តព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដើម្បីតម្រង់ទិស និងពង្រឹងយន្តការការរៀបចំផែនបោសសម្អាតមីន ឲ្យបានចំគោលដៅអាទិភាព តាមតម្រូវការរបស់សហគមន៍ និងការងារអភិវឌ្ឍន៍។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអាជ្ញាធរមីន ប្រធានភីម៉ាក់ និងប្រធានម៉ាពូ ខេត្តទាំង៧ តំណាង ឯកឧត្តមទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការមីន និងគ្រាប់មិនទាន់ផ្ទុះនិងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទ តំណាងកងទ័ពជើងគោក និងតំណាងយោធាយោធភូមិភាគ៣ ភូមិភាគ៤ ភូមិភាគ៥។
ក្នុងនាម សម្តេចតេជោ ប្រធានអាជ្ញាធរមីន ខ្ញុំបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋបាលខេត្តដែលមានភីម៉ាក់ និងម៉ាពូជាអ្នកអនុវត្តការងារដោយផ្ទាល់។
យើងទាំងអស់មានការប្តេជ្ញាចិត្តរួម និងគោលដៅរួម ក្នុងការចូលរួមចំណែកក្នុងកិច្ចគាំពារសុខសន្តិភាព ផ្តល់សុវត្ថិភាព និងជម្រុញកំណើនសេដ្ឋកិច្ចជូនប្រទេសជាតិ និងប្រជាជន តាមរយៈការងារបោសសម្អាតមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យអស់ចេញពីទឹកដីកម្ពុជា ដែល គោលបំណងរបស់សម្តេចតេជោ គឺប្រែក្លាយតំបន់មានមីន ទៅជាតំបន់មានសុវត្ថិភាព និងមានការអភិវឌ្ឍលេីគ្រប់វិស័យ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការបញ្ចប់ការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលការងារបោសសម្អាតនេះ ត្រូវការនូវធនធានមនុស្ស សម្ភារៈ និងថវិកាជាច្រើន ទើបជំរុញការបោសសម្អាតបានរួចរាល់តាមផែនការកំណត់នៅឆ្នាំ២០២៥។
សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តការចូលរួមផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការសកម្មភាពមីនខេត្ត និងក្រុមការងារម៉ាពូ ក្នុងការជ្រើសរើសចម្ការមីនអាទិភាព ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលការជ្រើសរើសនេះ ត្រូវមានការវាយតម្លៃឲ្យបានសុក្រឹត និងច្បាស់លាស់ ព្រមទាំងមានការឯកភាពជាមុនពីគ្រប់អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ។