ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួន ជនត្រូវចោទ ២នាក់ ប្តី-ប្រពន្ធ (ជនជាតិបង់ក្លាដេស និងជនជាតិខ្មែរ) ពីបទនាំចេញដោយមិនស្របច្បាប់ និងជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច

198

 

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​នេះ លោក ម៉ៅ ស៊ីណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ ២​នាក់ ប្តី​-​ប្រពន្ធ (​ជនជាតិ​បង់​ក្លា​ដេ​ស និង​ជនជាតិខ្មែរ​) ពីបទ​នាំចេញ​ដោយ​មិន​ស្របច្បាប់ និង​ជ្រើសរើស​ដោយ​មិន​ស្របច្បាប់​សម្រាប់​កេងប្រវ័ញ្ច ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ឆ្លងដែន នៃ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹងថា យោងតាម​ពាក្យបណ្តឹង​របស់​ជនជាតិ​បង់​ក្លា​ដេ​ស ៤​នាក់ តំណាង​ឲ្យ​ជនរងគ្រោះ​១៦​នាក់ ជនជាតិ​បង់​ក្លា​ដេ​ស នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ (​ប្តី​-​ប្រពន្ធ​)៖ ឈ្មោះ MOHAMMAD JAHNGIR ភេទ​ប្រុស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​បង់​ក្លា​ដេ​ស នាយក​ក្រុមហ៊ុន CEB BIC CIES CO,Lld ទីលំនៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប្រពន្ធ​ឈ្មោះ ម៉ម សុខុម អាយុ​២៧​ឆ្នាំ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ថ្មគោល​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២០ ជនរងគ្រោះ​ទាំង​១៦​នាក់ បាន​ចេញពី​ប្រទេស​បង់​ក្លា​ដេ​ស ចូល​មកដល់​ប្រទេស​កម្ពុជា តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាមរយៈ​ក្រុមហ៊ុន​ឈ្មោះ CEB BIC CIEB CO.LTD អាសយដ្ឋាន​នៅ ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែលមាន​ឈ្មោះ MOHAMMAD JAHANGIR ជា​នាយក​ក្រុមហ៊ុន ពេលមកដល់​ត្រូវ​ឈ្មោះ MOHAMMAD JAHANGIR នាំទៅ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅផ្ទះ​មួយ​ក្បែរ​ស្នាក់ការ​ក្រុមហ៊ុន សន្យា​រក​ការងារ​ឲ្យ​ជនរងគ្រោះ​ធ្វើបាន​ប្រាក់​ឈ្នួល​៤៥០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ និង​ធ្វើ​ទិដ្ឋាការ​ការងារ​រយៈពេល​មួយឆ្នាំ និង​ផ្តល់​កន្លែង​ស្នាក់នៅ​។ មុនពេល​ចេញពី​ប្រទេស​បង់​ក្លា​ដេ​ស ឈ្មោះ MOHAMMAD JAHANGIR បាន​ឲ្យ​ជនរងគ្រោះ​បង់លុយ​ឲ្យ​ក្នុង​ម្នាក់ៗ ចំនួន​៣០០០​ដុល្លារ​អាមេរិក សម្រាប់​ថ្លៃ​សំបុត្រ​យន្តហោះ និង​ទិដ្ឋាការ​ងារ ហើយ​បាន​បោកប្រាស់​ធ្វើ​កាត EMIGRATION CLEARANCE CARD ចេញ​ដោយ​ក្រសួង​ការងារ​បង់​ក្លា​ដែ​ស ប្រគល់​ឲ្យ​ជនរងគ្រោះ​កាន់​។ ពេលមកដល់​ប្រទេស​កម្ពុជា បាន​ឲ្យ​ជនរងគ្រោះ​ម្នាក់ៗ​បង់លុយ​បន្ថែមចំនួន​៥០០​ដុល្លារ​អាមេរិក​ទៀត និង​បាន​ប្រមូលយក​លិខិតឆ្លងដែន និង​កាត EMIGRATION CLEARANCE CARD ទុក​ដោយ​កាត​នោះ​ក្លែងក្លាយ​មិនអាច​សុំ​ធ្វើ​ទិដ្ឋាការ​ប្រភេទ​E វី​សា​ការងារ (VISA-E) បានទេ គឺ​ធ្វើ​បានតែ​ទិដ្ឋាការ​ប្រភេទ​T វី​សា​ទេសចរណ៍ (VISA-T) ប៉ុណ្ណោះ​។ បន្ទាប់មក​ឈ្មោះ MOHAMMAD JAHANGIR បាន​ចាត់ចែង​នាំ​ឲ្យ​ជនរងគ្រោះ​ទៅធ្វើ​ការ​នៅ​ការដ្ឋាន​សំណង់​នានា​នៅ​កម្ពុជា មិនបាន​ទទួល​ប្រាក់​ឈ្នួល​ពេល​។​

​សមត្ថកិច្ច បាន​បន្តថា ជនរងគ្រោះ​១៦​នាក់ (​ជនជាតិ​បង់​ក្លា​ដេ​ស​) ត្រូវបាន​ឈ្មោះ Mohammad Jahangir និង​ប្រពន្ធ ព្រមទាំង​បក្ខពួក​ឈ្មោះ Zahorul Modal ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ ដែលមាន​អ​សយ​ដ្ឋា​ន village Shikol Post Narnotto. P.S: Kahaloo District Borgra Bangladesh និង​ឈ្មោះ Shajahan ភេទ​ប្រុស អាយ​ប្រហែល​៤០​ឆ្នាំ ជនជាតិ​បង់​ក្លា​ដេ​ស រស់នៅ​ប្រទេស​បង់​ក្លា​ដេ​ស បានធ្វើ​សកម្មភាព​ឃោសនា ជ្រើសរើស​សន្យា​ឲ្យ​ប្រាក់​ឈ្នួល​ចំនួន​៤០០-៤៥០​ដុល្លារ​អាមេរិក​ក្នុង​១​ខែៗ ពេល​មក​ធ្វើ​ការងារ​នៅ​កម្ពុជា​។ ដោយបាន​យកប្រាក់​មុន​មក​កម្ពុជា​ក្នុង​ម្នាក់ៗ​ចំនួន​៣0០០​ដុល្លារ​អាមេរិក​, ពេលមកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ យកប្រាក់​បន្ថែម​៥00​ដ​ល្លា​ក្នុង​ម្នាក់ៗ​, បាន​បញ្ជូន​ជនរងគ្រោះ​ធ្វើការ​តាម​ការដ្ឋាន​សំណង់​នានា គ្មាន​ប័ណ្ណ​ការងារ (Work Permit) ខុសច្បាប់​ការងារ​នៅ​កម្ពុជា និង​អត់​បើកប្រាក់​ឈ្មួ​ល (​កេងប្រវ័ញ្ច​ពលកម្ម​), កម្ពុជា​មិនមាន​ច្បាប់​អនុញ្ញាត ឬ​កិច្ចព្រមព្រៀង​ឲ្យ​មានការ​ជ្រើសរើស​បញ្ជូន​ពលករ ពី​ប្រទេស​បង់​ក្លា​ដេ​ស ចូលមក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​នោះទេ​។ សមត្ថកិច្ច បាន​បន្តទៀតថា វត្ថុតាង​ដកហូត​មាន​លិខិតឆ្លងដែន ចំនួន​២៤​ក្បាល​។​

​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ប្តី​-​ប្រពន្ធ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១(​ម​១) និង​មណ្ឌល​អប់រំ​កែប្រែ​ទី​២(​ម​២)៕

អត្ថបទដែលជាប់ទាក់ទង