សពស្ត្រីខ្មែរម្នាក់ ដែលបានស្លាប់ ដោយសារការបាញ់ប្រហារគ្នា នៅរាជធានីបាងកក ត្រូវបញ្ជូនមកមាតុប្រទេសវិញ
បន្ទាយមានជ័យ៖ សពស្ត្រីខ្មែរម្នាក់ ដែលបានស្លាប់ដោយសារការបាញ់ប្រហារគ្នា នៅរាជធានីបាងកក ប្រទេសថៃ ត្រូវបញ្ជូនមកមាតុប្រទេសវិញ នៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ។ នេះបេីតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
លោក កុយ គួង បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ មន្ត្រីពីររូបនៃស្ថានទូតកម្ពុជា បានជូនដំណើរការដឹកសពមកកម្ពុជា ដែលអាចមកដល់ច្រកព្រំដែនប៉ោយប៉ែត វេលាម៉ោងជិត ៨យប់ថ្ងៃទី០៥ ខែសីហា នេះ។
សូមរំលឹកថា ករណីប្រព្រឹត្តអំពើហិង្សាបាញ់ប្រហារនៅក្នុងកាស៊ីណូមួយកន្លែងនៅប្រទេសថៃ ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន០៤នាក់ ក្នុងនោះមានជនជាតិខ្មែរ០១នាក់ផងដែរ ហើយករណីនេះបានកើតឡើងកាលពីវេលាម៉ោង២២:០០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅក្នុងអាគារពាណិជ្ជកម្មព្រះរ៉ាម៣ ស្ថិតនៅផ្លូវ៦៦ ខ័ណ្ឌធុងមហាមេឃ ក្រុងបាងកក ប្រទេសថៃ។
ប្រភពព័ត៌មានបានឲ្យដឹងថាជនរងគ្រោះដែលបានស្លាប់រួមមានជនជាតិថៃចំនួន០៣នាក់/ស្រី០១នាក់ និងស្រ្តីជនជាតិខ្មែរ០១នាក់ ឈ្មោះ ម៉ៅ ស្រីពៅ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាបុគ្គលិកបំរើការនៅកាស៊ីណូនោះ។
បន្ទាប់ពីការបាញ់ប្រហារ ខ្មាន់កាំភ្លើងបានរត់ទៅលាក់ខ្លួននៅក្នុងបន្ទប់ទឹកក្នុងកាស៊ីណូ និងត្រូវបានសន្តិសុខដែលមានភារកិច្ចនៅកាស៊ីណូនោះបាញ់ស្លាប់ផងដែរ។ ដោយឡែកសន្តិសុខរូបនោះបានរត់គេចខ្លួន៕