ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ណែនាំឲ្យមន្ទីរសាធារណការបង្កើតក្រុមការងារបីក្រុម ដើម្បីចុះមើលផ្លូវដែលខូចខាតធ្វើការជួសជុលជាបន្ទាន់និងចុះមើលប្រព័ន្ធលូនៅក្នុងរាជធានី

149

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានណែនាំឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បង្កើតក្រុមការងារចំនួនបីក្រុម ដោយសហការជាមួយអាជ្ញាធរខណ្ឌ សង្កាត់ដើម្បីចុះមើលផ្លូវដែលទទួលរងការខូចខាតធ្វើការជួសជុលជាបន្ទាន់និងចុះមើលប្រព័ន្ធប្រឡាយលូនៅក្នុងរាជធានីភ្នំពេញ។

   ការណែនាំបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ខែសីហាឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

   លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវបង្កើតក្រុមការងារចំនួន៣ក្រុម ដោយសហការជាមួយខណ្ឌទាំង១៤ ក្នុងការចុះមើលផ្លូវដែលទទួលរងការខូចខាត ដូចជាក្រលុកសំបុកមាន់ ត្រូវធ្វើការជួសជុលឡើងវិញជាបន្ទាន់ កុំទុកឲ្យទទួលរងការខូចខាតធ្ងន់ធ្ងរ ជួលជុលអស់ថវិកាច្រើន ការងារមួយទៀត ពាក់ព័ន្ធប្រព័ន្ធលូ ក៏ត្រូវចុះពិនិត្យមើលស្ថានភាពលូនៅតាមបណ្ដាមូលដ្ឋានខណ្ឌទាំង១៤ មានន័យថាបើកន្លែងណា ទទួលរងការខូចខាតឬបាក់បែក ក៏ត្រូវតែធ្វើការជួសជុលឡើងវិញជាបន្ទាន់ដែរ។ មួយវិញទៀត ចំពោះទឹកដក់នៅចិញ្ចើមផ្លូវក៏ជាការងារដែលត្រូវតែធ្វើផងដែរ ពោលគឺត្រូវកាយទឹកដក់ទាំងនោះអោយហូរចូលលូ មិនត្រូវទុកអោយស្អុយនៅតាមបណ្ដាផ្លូវសាធារណៈនោះទេ។

   ពាក់ព័ន្ធនឹងការងារនេះផងដែរ  លោកអភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់អភិបាលខណ្ឌទាំង ១៤ ត្រូវយកចិត្តទុកដាក់លើការងារនេះ  គឺត្រូវជំរុញឲ្យមន្ត្រីការិយាល័យសាធារណៈការចុះទៅដល់មូលដ្ឋាន ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង ជាងនេះទៅទៀត អាជ្ញាធរខណ្ឌ សង្កាត់ត្រូវចុះណែនាំប្រជាពលរដ្ឋឲ្យពូគាត់ទុកដាក់ វេចខ្ចប់សំរាមឲ្យបានល្អកុំទុកដាក់សំរាម នៅលើគំរបលូ មុខមាត់លូ ដែលបង្កឲ្យស្ទះលូ នៅពេលដែលភ្លៀងធ្លាក់ម្ដងៗ៕

 

អត្ថបទដែលជាប់ទាក់ទង