រដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិក មានអ្នកស្លាប់ដោយសារ COVID-19 កើនដល់១០,០០០នាក់ហើយ
(ឡូសអាន់ជែលែស)៖ យោងតាមតួលេខថ្មីបំផុត ដែលត្រូវបានបូកបញ្ចូលដោយនាយកដ្ឋានសុខភាពសាធារណៈរបស់រដ្ឋ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក បានកើនដល់ ១០,០១១នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋកាលីហ្វ័រញ៉ា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារ COVID-19 ចំនួន ១៤២នាក់បន្ថែមទៀត ទើបធ្វើឲ្យអ្នកស្លាប់សរុបកើនដល់ ១០,០១១នាក់ ដែលចំនួននេះបានធ្វើឲ្យកាលីហ្វ័រញ៉ា ក្លាយជារដ្ឋដែលមានចំនួនអ្នកស្លាប់ ខ្ពស់បំផុតលំដាប់ទី ៣ ខណៈរដ្ឋញូជែស៊ី (New Jersey) មានចំនួនអ្នកស្លាប់ជិត ១៦,០០០នាក់ (ជាប់លេខ២) និងរដ្ឋញូយ៉ក (New York) មានអ្នកស្លាប់ជាង ៣២,០០០នាក់ (ជាប់លេខ១)។
គួរបញ្ជាក់ គិតត្រឹមពេលនេះ រដ្ឋកាលីហ្វ័រញ៉ាមានករណីឆ្លង COVID-19 សរុបចំនួនជាង ៥៤៨,០០០ករណី (លំដាប់លេខ១នៅអាមេរិក) ក្នុងនោះមានអ្នកស្លាប់ចំនួន ១០,០១១នាក់ និងចំនួនអ្នកជាសះស្បើយ មិនទាន់ត្រូវបានបង្ហាញទិន្នន័យច្បាស់លាស់ឡើយ៕