ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល​ធ្វើ​អនុ​ប​យោគ​ដី​ទំហំ​ជាង ១៦៨ ជួល​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ៧០០​មេ​ហ្គា​វ៉ា​ត់​

94

 

​ភ្នំ​ណេ​ញ​៖ រាជរដ្ឋាភិបាល ចេញ​អនុក្រឹត្យ ស្តីពី​ការកំណត់​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព លើ​ផ្ទៃដី​ទំហំ ១៦៨,៨០​ហិកតា ក្នុង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ស្ថិតក្នុង​ភូមិ​ថ្ម​ស​និង​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បទុម​សាគរ ខេត្តកោះកុង និង​ការធ្វើ​អនុ​ប​យោគ ប្តូរ​ចំណាត់ថ្នាក់​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មកជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ក្រោម​លក្ខខណ្ឌ​ជួល​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិ​ល​ធី​ឌី សម្រាប់​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ៧០០​មេ​ហ្គា​វ៉ា​ត់​។​

​អនុក្រឹត្យ សម្រេច​៖ ត្រូវបាន​កំណត់​តំបន់​គ្រប់គ្រង​លើ​ផ្ទៃដី​ទំហំ ១៦៨,៨០​ហិកតា (​មួយរយ​ហុកសិប​ប្រាំបី​ហិកតា​និង ប៉ែតសិប​អា​) ក្នុង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ស្ថិតនៅ​ភូមិ​ថ្ម​ស​និង​ភូមិ​ចម្លង​គោ​ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ទៅជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព ដូច​មាន​ផែនទី​និង​និយាម​កា​ភ្ជាប់​ជា​ឧបសម្ព័ន្ធ សម្រាប់​ផ្តល់ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិ​ល​ធី​ឌី ដើម្បី​បន្ត​រៀបចំ​បំពេញបែបបទ​នីតិវិធី​ជាមួយ​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ ស្របតាម​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

​ត្រូវបានធ្វើ​អនុ​ប​យោគ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នូវ​ដី​ទំហំ ១៦៨,៨០​ហិកតា (​មួយរយ​ហុកសិប ប្រាំបី​ហិកតា​និង​ប៉ែតសិប​) ដូច​មាន​ក្នុង​មាត្រា​១ នៃ​អនុក្រឹត្យ​នេះ មកជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ក្រោម លក្ខខណ្ឌ​ជួល​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិ​ល​ធី​ឌី សម្រាប់​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ៧០០​មេ​ហ្គា​វ៉ា​ត់ ដែល​ត្រូវ​ស្ថិតក្រោម​ការចាត់ចែង​នីតិវិធី​បន្ត​ដោយ​ក្រសួងបរិស្ថាន​ជា​អាជ្ញាធរ​កាន់កាប់ ទ្រព្យសម្បត្តិ​របស់ រដ្ឋ និង​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​អាជ្ញាធរ​គ្រប់គ្រង​ទ្រព្យសម្បត្តិ របស់​រដ្ឋ​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ស្របតាម​ច្បាប់​និង​គោលការណ៍​របស់ រាជរដ្ឋាភិបាល​។​

​បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍​។​

​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន រដ្ឋមន្ត្រី​គ្រប់​ក្រសួង​និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ត្រូវ​ទទួលបន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ តាម​ភារកិច្ច​រៀងៗ​ខ្លួន ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​។​

​សូមបញ្ជាក់ថា ក្រសួងបរិស្ថាន រដ្ឋបាល​ខេត្តកោះកុង និង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) បាន​បើក​កិច្ចប្រជុំ​ដោះស្រាយ​សំណង​គោលនយោបាយ ជូន​ប្រជាពលរដ្ឋ ៥៨​គ្រួសារ ដែល​រង​ផលប៉ះពាល់ ពី​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព ៧០០​មេ​ហ្គា​វ៉ា​ត់ នៅ​ស្រុក​បុ​ទុម​សាគរ​។​

​កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នៅក្នុង​បរិវេណ​វត្ត​ថ្ម​ស ស្ថិតក្នុង​ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ដោយមាន​ការចូលរួម​ពី​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន អភិបាលរង​ខេត្តកោះកុង​, អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​, អាជ្ញាធរ​ដែនដី​, ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ទាំង ៥៨​គ្រួសារ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិន​វេស​មិន គ្រុប ឯ​.​ក ទទួលបាន​សម្បទាន​អនុវត្ត​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​នាំចូល អនុភាព ៧០០​មេ​ហ្គា​វ៉ា​ត់ នៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ដោយ​ភ្ជាប់​នឹង​លក្ខខណ្ឌ​គន្លឹះ​សំខាន់ៗ​មួយចំនួន ដូចជា​៖

​ទំហំ​ការងារ​ដែល​ក្រុមហ៊ុន​ត្រូវ​សាងសង់​រួមមាន​៖

– សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​នាំចូល អនុភាព​៧០០​មេ​ហ្គា​វ៉ា​ត់​

– សាងសង់​ប្រព័ន្ធ​ត​ភ្ជាប់​អគ្គិសនី តង់ស្យុង​២៣០​គីឡូវ៉ុល ប្រវែង​៥០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​រោងចក្រ​អនុ​ស្ថានីយ​បុ​ទុម​សាគរ​របស់​អគ្គិសនី​កម្ពុជា​ផង​

– សាងសង់​ស្ពាន​ដឹកជញ្ជូន​ធ្យូងថ្ម មាន​២​កំណាត់ ប្រវែង​សរុប​៦​គីឡូម៉ែត្រ និង​កន្លែង​ស្តុក​ធ្យូងថ្ម​

– ផ្លូវ​ចូល​ទីតាំង​គម្រោង ប្រវែង​៤០​គីឡូម៉ែត្រ​

– អនុ​ស្ថានីយ​អគ្គិសនី​របស់​រោងចក្រ​

– បន្ថែម​បរិក្ខា​សម្រាប់​បញ្ចេញ​ថាមពល​ទៅ​ឲ្យ​អ្នកប្រើប្រាស់​ក្នុង​តំបន់ រួមមាន​ប្រជាពលរដ្ឋ និង​រោងចក្រ សហគ្រាស ឬ​តំបន់ឧស្សាហកម្ម ដែល​អាច​នឹង​កើតមាន​នៅពេល​អនាគត​។​

​រោងចក្រ​នេះ មាន​អនុភាព​ដំឡើង ៧០០​មេ​ហ្គា​វ៉ា​ត់ អនុភាព​សុទ្ធ ៦៨០​មេ​ហ្គា​វ៉ា​ត់​។ អគ្គិសនី​កម្ពុជា ធានា​ទិញ​ថាមពល​ពី​គម្រោង​៨០% ក្នុង​១​ឆ្នាំ​។ ទុនវិនិយោគ​សរុប ១៣៤៤,២០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​មាន​ទុន​ផ្ទាល់ ៣០​ភាគរយ និង​កម្ចី​ពី​ធនាគារ ៧០​ភាគរយ​។​

​ការដាក​ឲ្យ​ដំណើរការ​រោងចក្រ​អគ្គិសនី ត្រូវ​ស្របតាម​ផែនការមេ​អភិវឌ្ឍ​វិស័យ​អគ្គិសនី ដោយ​ម៉ា​ស៉ី​នទី​១ អនុភាព ៣៥០​មេ​ហ្គា​វ៉ា​ត់ ត្រូវដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៣ និង​ម៉ា​ស៉ី​នទី​២ អនុភាព​៣៥០​មេ​ហ្គា​វ៉ា​ត់ ត្រូវដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៤​។ រយៈពេល​សម្បទាន​៣៨​ឆ្នាំ ក្នុងនោះ​រយៈពេល​សាងសង់​៣​ឆ្នាំ និង​រយៈ​ពេលធ្វើ​អាជីវកម្ម​៣៥​ឆ្នាំ ចំណែក​ថ្លៃ​លក់​អគ្គិសនី ០,០៧២៩២​ដុល្លារ​អាមេរិក ក្នុង​១​គីឡូវ៉ាត់ម៉ោង​៕


អត្ថបទដែលជាប់ទាក់ទង