មហាសន្និបាត នៃក្តីសង្ឃឹមក្រោមប្រធានបទ ៖«ការកសាង និង បង្កើតជាតិយើង នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩ ការពឹងពាក់អាស្រ័យ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងនៅក្នុងមហាសន្និបាត នៃក្តីសង្ឃឹមក្រោមប្រធានបទ ៖«ការកសាង និង បង្កើតជាតិយើង នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩ ការពឹងពាក់អាស្រ័យ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។
នៅក្នុងមហាសន្និបាត នៃក្ដីសង្ឃឹម នេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ -លោកជំទាវ ហាក់ ចា ហាន់ មូន (Hak Ja Han Moon ) សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល -ឯកឧត្តម ហូសេ ដឺ វេណេស្សា (Jose de Venecia) ប្រធានស្ថាបនិក ICAPP -លោកបណ្ឌិត ថូម៉ាស ជី វ៉ាស់_(Dr. Thomas G. Walsh) ប្រធានអង្គការសហព័ន្ធសន្តិភាព សកល។
សម្តេចបានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដែលបានថ្លែងសារទៅកាន់ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុងមហាសន្និបាតនៃក្តីសង្ឃឹម” របស់សហព័ន្ធសន្តិភាពសកល ។ ប្រធានបទ នៃវេទិការនេះ គឺ : “ការកសាង និងបង្កើតជាតិយើងនៅក្នុងពិភពលោកក្រោយវិបត្តិ កូវីដ-១៩ : ការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល » ពិតជាមានសារសំខាន់ និងចាំបាច់ណាស់នៅពេលដែលប្រជាជាតិទាំង អស់ក្នុងពិភពលោកបច្ចុប្បន្នកំពុងតែប្រឹងប្រែងប្រយុទ្ធនឹងជំងឺកូវីដ -១៩ ។
ដូចយើងទាំងអស់គ្នាបានដឹងស្រាប់ជំងឺកូវីដ-១៩ បាននិងកំពុងគំរាមកំហែងដល់របៀបរស់ នៅប្រចាំថ្ងៃ ទំនៀមទម្លាប់ ជីវភាព អាយុជីវិត សេដ្ឋកិច្ច និងសង្គមទាំងមូលនៅបណ្តាប្រទេសនៅ លើសកលលោកទាំងមូល ។ មកដល់បច្ចុប្បន្ន គ្មាននរណាដឹងថា ពេលណាវិបត្តិជំងឺកូវីដ-១៩ នេះ នឹងបញ្ចប់នោះឡើយ ហើយក៏គ្មានអ្នកណាអាចទស្សន៍ទាយអំពីផលប៉ះពាល់នៃជំងឺនេះមកលើគ្រប់ ទិដ្ឋភាពនៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗ ទាំងសេដ្ឋកិច្ច នយោបាយ និងរបៀបរបបសង្គម បានជាក់ច្បាស់នោះដែរ ។
សម្រាប់កម្ពុជា យើងអាចវាយតម្លៃបានថា ស្ថានភាពជំងឺកូវីដ-១៩ មិនមានភាពធ្ងន់ធ្ងរទេ ដោយសារមិនមានការឆ្លងនៅក្នុងប្រទេស មានតែករជានាំចូលមកពីខាងក្រៅ និងពុំទាន់មានការ ស្លាប់បាត់បង់ជីវិតម្នាក់នៅឡើយទេ ។ ដូចប្រទេសដទៃដែរ កម្ពុជាបានដាក់ចេញនូវវិធានការ ជាច្រើន ប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត និងហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានចែកជាបីសមរភូមិ ៖ (ទី១) -ការទប់ស្កាត់មិនឱ្យមានការបន្តនាំជំងឺចូលមកកម្ពុជា (ទី២) ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និង(ទី៣) – ការព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ ១៩ ។ ដើម្បីធានាប្រសិទ្ធភាពការងារក្នុងកម្រិតខ្ពស់បំផុត កម្ពុជាបានបង្កើតគណៈកម្មាការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាបញ្ជាការដ្ឋានរួមក្នុងការដឹកនាំ ដាក់ចេញ និងជំរុញការអនុវត្តនូវវិធានការ ទាំងអស់ ។
នាពេលកន្លងមក ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសទាំងអស់ភាគច្រើនគឺផ្តោតទៅ លើការអនុវត្តនៅផ្ទៃក្នុងប្រទេសរៀងៗខ្លួន ។ យ៉ាងណាមិញ នៅក្នុងបរិការណ៍នៃសកលភាវូបនីយម្ម សេដ្ឋកិច្ចក្រោយពីវិបត្តិនៃជំងឺនេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ ។ កិច្ច ការនេះទាមទារនូវការពង្រឹងកិច្ចសហប្រតិបត្តិការ ជាអន្តរជាតិលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយ ។ បានន័យថា សកលលោកទាំងមូលត្រូវតែពួតដៃគ្នាប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ទៅជាសមរភូមិរួម ។ ក្នុងស្មារតីនេះ អនុញ្ញាតឱ្យខ្ញុំចូលរួមចែករំលែកនូវទស្សនៈមួយចំនួនដូច ខាងក្រោម ៖
ទី១ . ការរាតត្បាតជំងឺកូវីដ 19 បើមកនូវបញ្ហាមួយចំនួនដែលមិនធ្លាប់មានពីមុនមក ដូចជាបញ្ហា សុវត្ថិភាពសុខភាពសាធារណៈ ការបង្អាក់ការប្រមូលផ្តុំ និងកិច្ចដំណើរការនៃ ច្រវាក់ផ្គត់ផ្គង់សកលជាដើម ដែលប្រការទាំងអស់នេះកំពុងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះ ជីវិតសង្គម និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោក ។ ក្នុងបរិការណ៍នេះ ការឆ្លើយតបរួម និងសាមគ្គី ភាពជាសកល សំដៅគាំទ្រពហុភាគីនិយមរិតតែមានភាពចាំបាច់ស្រួចស្រាល់ឡើងថែមទៀត ។ ក្នុង ស្មារតីនេះ ទន្ទឹមនឹង ការរង់ចាំភាពជោគជ័យដំបូងបំផុតនៃការផលិតវ៉ាក់សាំង កម្ពុជាសូមអំពាវនាវឱ្យ ចាត់ទុកវ៉ាក់សាំងនេះ ជាទំនិញរួមសម្រាប់សកលលោក(global common goods) ដែលប្រជាជន គ្រប់រូប នៅគ្រប់ទិសទី អាចទទួលបាន ។
ទី២. យើងត្រូវជៀសវាងការរើសអើងពូជសាសន៍ និងការប្រកាន់ជំហរស្តីបន្ទោស ដែលជា ល្បែងទម្លាក់កំហុសដ៏អាក្រក់មួយនាំដល់ការបែកបាក់សាមគ្គីភាព ខណៈដែលពិភពលោកទាំងមូល កំពុងខិតខំរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ។ ក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពអន្តរ ជាតិ កម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរចំនួនជាង ២២០០
នាក់ ចូលចត នាព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២០ ។ កម្ពុជាមិនត្រឹមតែបាន និងកំពុងព្យាបាល ពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយព្យាបាលទាំងជនបរទេសផងដែរ ។
ទី៣. ជាទិសដៅទៅមុខ យើងពិតជាមានភាពចាំបាច់ជាយុទ្ធសាស្ត្រ ក្នុងការត្រៀមខ្លួនឱ្យបាន ល្អក្រោយអំឡុងពេលវិបត្តិកូវីដ-១៩ ។ ដើម្បីសម្រេចបាននូវគោលដៅនេះ យើងគួររៀបចំផែនការស្តារ ឡើងវិញប្រកបដោយភាពជាក់លាក់មួយ ដោយដាក់ចេញនូវសេណារីយ៉ូមួយចំនួនសម្រាប់បើកឱ្យ ដំណើរការជាបណ្តើរៗនូវការធ្វើដំណើរឆ្លងកាត់ព្រំដែន និងប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសក្នុង តំបន់ និងការស្តារឡើងវិញនូវវិស័យដែល រងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ ។
ទី៤. យើងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញ សាកលភាវូនីយកម្មនិងពង្រឹងយន្ត ការពហុភាគីនិយម ដើម្បីធានានូវបរិយាកាសអនុគ្រោះសម្រាប់លើកស្ទួយកំណើនសេដ្ឋកិច្ច កាត់ បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។ យើងត្រូវធានាថា យន្តការកិច្ចសហ ប្រតិបត្តិការ របស់យើងនៅតែ រក្សាបាននូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជា ពិសេសការពន្លឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើងសម្រាប់ជំរុញរបៀបវារៈនៃការ អភិវឌ្ឍរបស់ប្រទេស នីមួយៗ និង សម្រេចបាននូវរបៀបវារៈសកលនៃការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ។
ទី៥. ការកសាង និងថែរក្សាសន្តិភាព និងសន្តិសុខនៅលើសកលលោកទាំងមូល គឺជាមូល ដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ។ ដូច្នេះ ការកសាង និងថែរក្សាឱ្យខាងតែបាននូវសន្តិ ភាព និងសន្តិសុខ គឺជាអាទិភាពខ្ពស់បំផុតរបស់ប្រទេសនីមួយៗ ។ សន្តិភាពមិនអាចសម្រេចបានមក ដោយឯកឯងនោះទេ ។ យើងត្រូវជំរុញការចេះស្រឡាញ់គ្នាទៅវិញទៅមក ផ្តល់គុណតម្លៃ និងការគិត គូរ ខ្ពស់ដល់មនុស្សជាតិ រួមរស់ជាមួយគ្នាដោយសន្តិភាព និងសុខដុម និងគោរពភាពចម្រុះ នៃជំនឿ សាសនា និងវប្បធម៌នៅក្នុង និងរវាងសង្គមជាតិនីមួយៗ ។
សម្តេចតេជោ ស្នើឱ្យប្រមុខដឹកនាំទាំងអស់រួមគ្នាសំដែងនូវសុច្ឆន្ទៈ និងការទទួលខុស ត្រូវខ្ពស់ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមជាសកលនេះ និង ដើម្បីរក្សាបាននូវបរិយាកាសអនុគ្រោះ ប្រកបដោយសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាសម្រាប់ការរីកចម្រើន និងវិបុលភាព នៃប្រជា ជាតិ យើងទាំងអស់គ្នា ។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បី គោលដៅដ៏ពិសិដ្ឋនេះ៕