ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម បញ្ជាឱ្យនាយឧត្តមសេនីយ៍ នេត សាវឿន ពិនិត្យករណីស្នងការនគរបាលខេត្តកំពង់ធំ​ បៀតបៀនកេរ្តិ៍ខ្មាស់ ទៅលើនគរបាលនារី

132

 

ភ្នំពេញ ៖ ក្រោយមានការស្នើសុំពីក្រុមនគរបាលនារី នៅខេត្តកំពង់ធំរួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងភាគីពាក់ព័ន្ធមួយចំនួន ពិនិត្យរឿងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានបៀតបៀនកេរ្តិ៍ខ្មាស់ទៅលើពួកគេ។

ថ្លែងក្រោយបញ្ចប់ពិធី ប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ថ្លែងប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំបានទទួលព័ត៌មាននេះ ហើយក៏បញ្ជូនទៅ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ឯកឧត្តម រដ្ឋលេខាធិការ ចាន់ អ៊ាន ក៏ដូចជា អភិបាលខេត្តកំពង់ធំ ដើម្បីពិនិត្យករណីនេះ ។ ប៉ុន្ដែព័ត៌មានជាបឋម ទាក់ទងបញ្ហានឹង គឺមិនមែនថ្មីទេ រឿងយូរហើយ»។

សម្ដេចក្រឡាហោម បញ្ជាក់ថា រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់សម្រេច ដោះស្រាយយ៉ាងម៉េច នៅឡើយ រងចាំក្រុមការងារ ដើម្បីធ្វើការត្រួតពិនិត្យ។ លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹកថា នាពេលកន្លងទៅ សម្ដេចបានធ្វើលិខិត ព្រមានស្នងការនគរបាលខេត្តកំពង់ធំរួចម្ដងហើយ។ ក្រោយពីការព្រមានហើយ សម្ដេច ក៏បានឲ្យសន្យាថា បើមិនកែប្រែទ នឹងឈានទៅមួយជំហានទៀត គឺការដកតំណែង ឬចាត់វិធានការ រដ្ឋបាលណាមួយធ្ងន់ជាងនេះ។

នៅព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២០នេះដែរ ទំព័រហ្វេសប៊ុកផ្លូវការ របស់ លោកស្រី ចក់ សុភាព ប្រជាធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវ ដល់ស្ថានដែលពាក់ព័ន្ធ ចូលរួមដោះស្រាយបញ្ហាបំពានលើស្ត្រី ដាក់ទោសទណ្ឌលើជនល្មើសតាមផ្លូវច្បាប់ដោយមិនមានការលើកលែងដោយសារឋានៈ​ ឬក្រុមបក្សពួក​ (លុបបំបាត់នូវវប្បធម៌និទណ្ឌភាព)​ នោះទើបជាការធានានូវសីលធម៌​ សេចក្តីថ្លៃថ្នូរនិងសណ្តាប់ធ្នាប់សង្គម​ មិនមែនដោយការកំហិតលើសំលៀកបំពាក់​របស់ស្ត្រីឬការដាក់បន្ទុកបន្ថែម ដោយសារការស្លៀកពាក់ឬឥរិយាបទណាមួយរបស់ស្ត្រី ជាមូលហេតុនៃអំពើហឹង្សាឬបៀតបៀននោះឡើយ។ ខ្ញុំក៏សង្ឃឹមថាបុគ្គលទាំងឡាយដែលអះអាងថា​ គាំទ្រដល់ការរក្សានូវសេចក្តីថ្លៃថ្នូរសម្រាប់ស្ត្រីនឹងចូលរួមទាមទារនិងផ្តល់នូវយុត្តិធម៌ដល់ស្ត្រីគ្រប់រូបដែលបានរងគ្រោះដូចករណីនេះជាដើម។

យោងតាមលិខិតគោរពជូនសម្ដេចក្រឡាហោម ស ខេង របស់តំណាងនគបាលនារី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា «នាងខ្ញុំជាមន្ដ្រីនគរបាលនារី នៃស្នងការដ្ឋានខេត្តកំពង់ធំ (ជនរងគ្រោះ) សូមគោរពរាយការណ៍ និងសូមសម្ដេចក្រឡាហោម ស ខេង មេត្តាជួយរកយុត្តិធម៌ឲ្យនាងខ្ញុំជាជនរងគ្រោះ ដោយសារប្រព្រឹត្តអំពើ ពុំគប្បីមកលើនាងខ្ញុំ ជាស្ដ្រីមានភាពទន់ខ្សោយពីសំណាក់ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលជាស្នងការនគរបាលខេត្តកំពង់ធំ»។

ក្នុងលិខិតនោះ រៀបរាប់ថា «នៅអំឡុងឆ្នាំ២០១៨-២០១៩ ពួកនាងខ្ញុំមួយចំនួនត្រូវបានលោក ឧត្តម សេនីយ៍ទោ អ៊ុក កុសល ហៅពួកនាងខ្ញុំឲ្យទៅជួបគាត់ នៅក្នុងបន្ទប់ធ្វើការរបស់គាត់ ដើម្បីសួរនាំកិច្ចការងារមួយចំនួន ។ ដោយយល់ឃើញថា គាត់ជាថ្នាក់ដឹកនាំ ពួកនាងខ្ញុំ ក៏បានទៅជួបគាត់ម្នាក់ម្ដងៗ តាមការណាត់របស់គាត់។ ពេលចូលដល់ក្នុងបន្ទប់តែពីរ នាក់ លោកស្នងការក៏សួរនាំថា ពាក់ស័ក្ដិ៍ប៉ុន្មាន? ហើយមុខតំណែងជាអ្វីសព្វថ្ងៃ? ហើយចង់បានមុខតំណែង ឬឡើងស័ក្តិ៍អត់? បើចង់បានចាំបងជួយ ព្រោះបង ជាស្នងការ និងជាប្រធានអង្គភាព ចង់ធ្វើអ្វីក៏បានដែរ ឲ្យតែអូនព្រមស្រលាញ់បង។ ម្យ៉ាងទៀត បើអូនព្រមស្រលាញ់បង កុំបារម្ភខ្លាចមានកូនអី ព្រោះទឹកកាមបង គ្មានមេជីវិតបង្កកំណើតទេ។ ពេលលឺ ពាក្យសំដីទាំងអស់នេះ នាងខ្ញុំហួសចិត្តមិននឹកស្មានថា គាត់ហ៊ាននិយាយពាក្យសំដីបែបនេះ មកលើនាងខ្ញុំជាកូនចៅ»។

Major General Ouk Kosal has been accused of demanding sex from female officials. Police

 

អត្ថបទដែលជាប់ទាក់ទង