រកឃើញករណីជំងឺកូវីដ-១៩ថ្មី ២នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាស បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ២នាក់បន្ថែមទៀត ជាជនជាតិចិន មកពីហ្វីលីពិន និងជាជនជាតិអាមេរិក មកពីសហរដ្ឋអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា រហូតដល់ម៉ោង ៧និង៥០ ព្រឹក ថ្ងៃទី ១២ សីហា ២០២០ យើងរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន ២នាក់ (ករណីនាំចូល ជនជាតិចិន១នាក់ មកពីប្រទេសហ្វីលីពីននិងជនជាតិអាមេរិក១នាក់ មកពីសហរដ្ឋអាមេរិក) ដូច្នេះចំនួនសរុប ២៦៨នាក់ ជាសះស្បើយគ្មាន ដូច្នេះចំនួនសម្រាកនៅពេទ្យកើន ចំនួន៤៨នាក់ ចំនួនជាសះស្បើយសរុបចំនួន ២២០នាក់ ដដែល និង ស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យើងបានធ្វើតេស្តចំនួន 775034 ស្មើនឹង 4520 ក្នុង១លាននាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា បុរសជនជាតិចិន មានអាយុ ២២ឆ្នាំ ដែលដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ បុរសជនជាតិចិននេះ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរ ហើយមកដល់កម្ពុជានៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។ បច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
ដោយឡែកស្ត្រីជនជាតិអាម៉េរិកកាំង មានអាយុ ២៥ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាម៉េរិក ហើយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ ស្ត្រីរូបនេះធ្វើតេស្តពេលមកដល់ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្នុងជើងហោះហើរនេះ មានអ្នកដំណើរសរុប ២៥នាក់ (ស្រី ៧នាក់ បុរស ៩នាក់ និងកុមារ ៩នាក់)។ ក្នុងនោះមានជនជាតិ ខ្មែរ ១៤នាក់ ជនជាតិអាម៉េរិកកាំង ៥នាក់ ជនជាតិកូរ៉េខាងត្បូង ១នាក់ ជនជាតិវៀតណាម ១នាក់ ជនជាតិថៃ ១នាក់ ជនជាតិទូកគឺ ១នាក់ និងជនជាតិអង់គ្លេស ២នាក់។ អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២១នាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ និងមន្ត្រីស្ថានទូតអាម៉េរិកចំនួន ៣នាក់ ស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលគ្រប់គ្រងដោយស្ថានទូតអាម៉េរិកប្រចាំកម្ពុជា៕