រាជរដ្ឋាភិបាល ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០
ភ្នំពេញ៖ រាជរដ្ឋាភិបាលយល់ព្រមឱ្យផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូនសម្តេច ចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០២០ បានចេញលិខិតមួយច្បាប់ សូមជម្រាបជូន សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងកម្មវត្ថុ ករណីសំណើសូមគោលការណ៍ដ៏ខ្ពង់ខ្ពស់ ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០។
បណ្ឌិតហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា យោងតាមលិខិតលេខ៦៩ គជបអ ចុះថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ។ លិខិតលេខ៤១៩ ខន/២០ សជណ ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនសម្តេច ចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ មេត្តាជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមឱ្យផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ មេត្តាជ្រាបនិងចាត់ចែងអនុវត្ត៕