សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ធ្វើតេស្តិ៍បច្ចេកទេសអត្តពលិក ក្រុមជម្រើសជាតិឈុតធំ និង ថ្នាលដំណាក់កាលទី១
ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជានាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០បានរៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុធ្វើតេស្តិ៍សាកល្បងបច្ចេកទេសសម្រាប់កីឡាករ-កីឡាការិនីក្រុមជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិឈុតតូចថ្នាលដំណាក់កាលទី១នៅទីលានសហព័ន្ធក្នុងពុកីឡដ្ឋានជាតិអូឡាំពិក។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានមានប្រសាសន៍ថា នេះជាការប្រកួតស្ទាប់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិឈុតតូចថ្នាលដែលធ្វើការហ្វឹកហាត់ប៉ុន្មានខែកន្លងមក បន្ទាប់ពីយើងឈប់សម្រាកដោយសារតែមេរោគ COVID-19 ចំពោះការធ្វើតេស្តិ៍នេះសហព័ន្ធក៏កំណត់យកចំណាត់ថ្នាក់ដែរ។
លោកបានបន្តថា ការប្រកួតនេះកីឡាករក្រុមជម្រើសជាតិឈុតធំមានចំនួន៦នាក់ ចំណែកក្រុមជម្រើសជាតិយុវជនចំនួន៧នាក់ និងកីឡាការិនីថ្នាលចំនួន៦នាក់ធ្វើការប្រកួតរូបមន្តដូចគ្នា។ ដូច្នេះគណៈកម្មការសហព័ន្ធអាចដឹងកាន់តែច្បាស់សមត្ថភាពរបស់អត្តពលិកនីមួយៗរបស់ខ្លួន។
អគ្គលេខាធិការបានបន្ថែមទៀតថា សហព័ន្ធត្រូវឲ្យកីឡាករ-កីឡាការិនីទាំងអស់ត្រៀមខ្លួនប្រកួតលក្ខណៈជាតិ ដែលសហព័ន្ធកីឡាវាយកូនឃ្លីលើតុ នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០៕