ជនសង្ស័យជាជនបរទេសចំនួន ១៨រូប ពាក់ព័ន្ធករណីផលិត និងចែកចាយបារីក្លែងម៉ាក ត្រូវបញ្ជូនទៅតុលាការ
ភ្នំពេញ៖ នៅថ្ងៃទី១៤ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គ.ប.ផ.ក. បានធ្វើការចុះបង្ក្រាបទីតាំងផលិត និងចែកចាយបារីក្លែងម៉ាក ក្នុងខណ្ឌពោធនិ៍សែនជ័យ រាជធានីភ្នំពេញ និងបានបញ្ជូនជនសង្ស័យជាជនបរទេសចំនួន ១៨រូបទៅកាន់អយ្យអមសាលាដំបូងរាជធានីភ្នំពេញ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee បានឲ្យដឹងថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ តាមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានចាត់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ដឹកនាំក្រុមការងារអន្តរក្រសួង ក្រោមការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសលួចផលិតបារីពុំមានច្បាប់អនុញ្ញាត និងក្លែងម៉ាកសញ្ញាខុសច្បាប់ មួយកន្លែងនៅភូមិសាស្ត្រសង្កាត់ចោមចៅ៣ ខណ្ឌពោធនិ៍សែនជ័យ រាធានីភ្នំពេញ ។
ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ វត្ថុធាតុដើមក្លែងការផលិត ម៉ាស៊ីនផលិតខ្នាតធំ និងបារីផលិតរួចត្រៀមបញ្ជូនចេញសរុបចំនួន២៥តោន ហើយបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធជាជនជាតិបរទេសចំនួន១៨នាក់ (ចិន១៥នាក់ និងវៀតណាម៣នាក់) ដែលមានមេក្លោងជាជនជាតិចិន០១នាក់។ ក្នុងការចុះប្រតិបត្តិការបង្ក្រាបនេះ ធ្វើទ្បើងក្រោយពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទទួលបានពាក្យបណ្តឹង របស់ក្រុមហ៊ុន SHANGHAI TOBACCO GROUP CO., LTD. ។
ដោយឡែកនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានកសាងសំណុំរឿង និងបញ្ជូនជនបរទេសទាំង១៨នាក់(ប្រុស) ទៅអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕