ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

65

 

នៅក្នុងឱកាសបំពេញទស្សនកិច្ចការងារ នៅសាធារណសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសវនាការ ជាមួយលោកជំទាវ ង្វៀន ធី គឹមងិន ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភាវៀតណាម នាទីក្រុងហាណូយ បន្ទាប់ពីអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ឡេ ខា ភៀវ អតីតអគ្គលេខាធិការបក្សកុម្មុនីសវៀតណាមរួចមក។

លោកជំទាវ ង្វៀន ធី គឹមងិន បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា និង គណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម នាឱកាសនេះ ។ លោកជំទាវបាន អបអរសាទរចំពោះកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ និងបានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋទំាងសងខាងបន្តសកម្មភាពទប់ស្កាត់ជំងឺនេះ បន្ថែមទៀត។

លោកជំទាវ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទំាងពីរ ក្នុងការបោះបង្គោលព្រំដែននាពេលកន្លងមក និងបានគំាទ្រដល់កិច្ចខិតខំប្រឹង ក្នុងការឈានទៅបញ្ចប់បញ្ហាសេសសល់ ប្រមាណ១៦%ទៀត ដើម្បីឱ្យក្លាយជាព្រំដែនសន្តិភាពនិងការអភិវឌ្ឍន៍ ។

ប្រធានរដ្ឋសភាវៀតណាម បានជំរុញដល់សកម្មភាពពាណិជ្ជកម្ម នៅតាមព្រំដែនប្រទេសទំាងពីរ ឱ្យកាន់តែសកម្មឡើង​ និងបានប្តេជ្ញាពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងគំាទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសាទរដែលវៀតណាម បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន តាមរយៈវីដេអូ ប្រកបដោយជោគជ័យ បើទោះបីសកលលោក កំពុងជួបវិបត្តិជំងឺ កូវីដ១៩ យ៉ាងណាក្តី។ ជាមួយគ្នានេះ សម្តេចមានសង្ឃឹមមុតមំាថា មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤១ ដែលរដ្ឋសភាវៀតណាមធ្វើម្ចាស់ផ្ទះ ​រៀបចំតាមរយៈវីដេអូនាដើមខែកញ្ញាក្រោយនេះ នឹងទទួលបានជោគជ័យបន្តទៀត​។ រដ្ឋសភាកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីរួមសហការគាំទ្រ​​មហាសន្និបាតនោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណជាថ្មី ចំពោះវៀតណាម ដែលបានផ្តល់ជំនួយ ២៥ លានដុល្លាអាមេរិក សម្រាប់កសាងអាគាររដ្ឋបាលរដ្ឋសភាកម្ពុជា។ ​រដ្ឋសភាកម្ពុជានឹងប្រើប្រាស់ថវិកាសាងសង់នោះ ប្រកបដោយតម្លាភាព ជាទីបំផុត ហើយថាសំណង់ជំនួយដ៏ថ្លៃថ្លានេះនឹងលេចជារូបរាងក្នុងពេលឆាប់ៗនេះ។

លោកជំទាវ ង្វៀន ធី គឹមងិន បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ភាគីវៀតណាមបានត្រៀមបញ្ចប់ថវិការួចជាស្រេច ក្នុងការផ្តល់ជំនួយសាងសង់អគាររដ្ឋបាល​រដ្ឋសភាកម្ពុជា​ ដោយរងចាំភាគីកម្ពុជាបញ្ជាក់អំពីការបំពេញលក្ខខណ្ឌចូលជាធរមាននៃកិច្ចព្រមព្រៀងតែប៉ុណ្ណោះ។

សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍លើកឡើងថា កូវីដ ១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លំាងលើវិស័យសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងសុខមាលភាព ជាពិសេសវាបានសម្លាប់អាយុជីវិតប្រជាជនយ៉ាងច្រើននៅជុំវិញពិភពលោក។ ការប្រយុទ្ធប្រឆំាងជម្ងឺកូវីត១៩ គឺជាបញ្ហារួមរបស់ពិភពលោក។ កម្ពុជានិងវៀតណាម បានសហការគ្នាយ៉ាងជិតស្និតឆ្លើយតបការប្រយុទ្ធប្រឆំាងជម្ងឺកូវីត១៩នេះ។

ក្រោយពីបានបញ្ចប់ដំណើរទស្សនកិច្ចការងារ នៅរសៀលថ្ងៃដដែល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញ តាមជើងយន្តហោះពិសេស៕

អត្ថបទដែលជាប់ទាក់ទង